ព័ត៌មានអន្តរជាតិ

បណ្តាមេដឹកនាំអឺរ៉ុប គូសបញ្ជាក់សាជាថ្មី អំពីអធិបតេយ្យភាពរបស់ Greenland និងសង្កត់ធ្ងន់អំពីបញ្ហាសន្តិសុខ នៅក្នុងតំបន់អាក់ទិក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំនៃប្រទេសអឺរ៉ុប ចំនួន៧ប្រទេសកាលពីថ្ងៃអង្គារ បានអះអាង សារជាថ្មីថាទឹកដី Greenland ជាកម្មសិទ្ធិរបស់ប្រជាជន របស់ខ្លួនដោយសង្កត់ធ្ងន់ថាបញ្ហាទាក់ទងនឹង ដាណឺម៉ាក និងGreenlandត្រូវតែសម្រេចចិត្តតែម្នាក់ឯង ដោយប្រទេសដាណឺម៉ាកប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យ នាយករដ្ឋមន្ត្រីដាណឺម៉ាក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Friedrich Merz នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ។

សេចក្តីថ្លែងការណ៍រួមនេះបានសរសេរថា៖Greenland ជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។ វាគឺជាដែនអធិបតេយ្យសម្រាប់ប្រទេសដាណឺម៉ាក និងGreenland ហើយពួកគេតែប៉ុណ្ណោះ ក្នុងការសម្រេចចិត្តលើបញ្ហានេះ។

គួរឲ្យដឹងដែរថាមេដឹកនាំទាំងនោះក៏បានគូសបញ្ជាក់ថា បញ្ហាសន្តិសុខតំបន់អាក់ទិកនៅតែជាអាទិភាពសំខាន់សម្រាប់អឺរ៉ុប និងមានសារៈសំខាន់ សម្រាប់សន្តិសុខអន្តរជាតិ និងអន្តរអាត្លង់ទិក។

បន្ថែមពីនេះមេដឹកនាំអឺរ៉ុបក៏បានកត់សម្គាល់ដែរថា NATO បានបញ្ជាក់យ៉ាងច្បាស់ហើយនាពេលកន្លងមកថា តំបន់អាក់ទិកគឺជាអាទិភាព ហើយថាសម្ព័ន្ធមិត្តអឺរ៉ុបកំពុងបង្កើនវត្តមានរបស់ពួកគេនៅទីនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top