ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ស្ថិតក្រោមការគ្រប់គ្រង របស់លោក Nicolas Maduro បានបញ្ជូនមាសតម្លៃជាង ៥ពាន់លានដុល្លារ ទៅកាន់ប្រទេសស្វីស

បរទេស ៖ ទិន្នន័យគយបង្ហាញថា ប្រទេសវេណេស៊ុយអេឡា បានដឹកជញ្ជូនមាសដែលមានតម្លៃជិត ៤,១៤ ពាន់លានហ្វ្រង់ស្វីស ស្មើនឹងប្រហែល ៥,២០ ពាន់លានដុល្លារ ទៅកាន់ប្រទេសស្វីសក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការដឹកនាំរបស់ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែងគឺលោក Nicolas Maduro ។

យោងតាមសារព័ត៌មាន Arab News ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសអាមេរិកខាងត្បូងបានបញ្ជូនមាស ១១៣ តោនទៅប្រទេសស្វីសចាប់ពីឆ្នាំ ២០១៣ នៅពេលដែលលោក Maduro ចូលកាន់តំណែងដល់ឆ្នាំ ២០១៦ , នេះបើយោងតាមទិន្នន័យ ដែលបានពិនិត្យដោយសារព័ត៌មាន Reuters។

ទូរទស្សន៍ SRF របស់ប្រទេសស្វីសបានផ្សាយថា មាសមានប្រភពមកពីធនាគារកណ្តាល របស់ប្រទេសវេណេស៊ុយអេឡា នៅពេលដែលរដ្ឋាភិបាលបានលក់មាស ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួន។

ទិន្នន័យគយបានបង្ហាញថា មិនមានការនាំចេញមាសពីវេណេស៊ុយអេឡាទៅកាន់ប្រទេសស្វីសចាប់ពីឆ្នាំ ២០១៧ នៅពេលដែលទណ្ឌកម្មរបស់សហភាពអឺរ៉ុបត្រូវបានដាក់រហូតដល់ឆ្នាំ ២០២៥នោះទេ។

សូមជម្រាបថា លោក Maduro ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកក្នុងការវាយឆ្មក់នៅទីក្រុង Caracas កាលពីថ្ងៃទី ៣ ខែមករា ហើយប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងតុលាការទីក្រុងញូវយ៉ក រួមទាំងការជួញដូរគ្រឿងញៀន និងអំពើភេរវកម្ម។

កាលពីថ្ងៃចន្ទ ប្រទេសស្វីសបានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិដែលកាន់កាប់ក្នុងប្រទេសដោយលោក Maduro និងសហការីចំនួន ៣៦ នាក់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានណាមួយអំពីតម្លៃដែលអាចមានឬប្រភពនៃមូលនិធិបែបនេះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top