ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក គំរាមបន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹង នាវាដឹកប្រេង shadow fleet

វ៉ាស៊ីនតោន៖ លេខាធិការសារព័ត៌មាន សេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបន្តអនុវត្តការដាក់ទណ្ឌកម្ម ប្រឆាំងនឹងនាវា “shadow fleet” ទាំងអស់ដែលត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកថា ដឹកជញ្ជូនប្រេងខុសច្បាប់។

លោកស្រី Leavitt បានធ្វើការកត់សម្គាល់នេះ ប៉ុន្មានម៉ោងបន្ទាប់ពីឆ្មាំសមុទ្រសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងពីរគ្រឿង ដែលមានទំនាក់ទំនង ជាមួយប្រទេស វេណេស៊ុយអេឡា នៅអាត្លង់ទិក និងតំបន់ការ៉ាប៊ីននៅព្រឹកថ្ងៃពុធ។ បញ្ជាការភាគខាងត្បូង សហរដ្ឋអាមេរិកនៅលើបណ្ដាញ X បានពិពណ៌នាអំពីនាវាទីពីរដែលត្រូវបានរឹបអូសនៅសមុទ្រការីប៊ីន គឺនាវា Sophia ថាជានាវា “គ្មានរដ្ឋ ដែលត្រូវបានអនុម័ត ដោយកងនាវាងងឹត ដែលកំពុងធ្វើសកម្មភាពខុសច្បាប់”។

ប្រភពបានឲ្យដឹងថា ឆ្មាំសមុទ្រសហរដ្ឋអាមេរិក កំពុងអមដំណើរនាវានេះទៅកាន់សហរដ្ឋអាមេរិក សម្រាប់ “ការដោះស្រាយចុងក្រោយ”។ លោកស្រី Leavitt ក៏បានចោទប្រកាន់នាវា Marinera ដែលមានទង់ជាតិរុស្ស៊ី ដែលពីមុនត្រូវបានគេ ស្គាល់ថាជានាវា Bella 1 ដែលត្រូវបានរឹបអូសជាលើកដំបូង នៅព្រឹកថ្ងៃពុធ ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅអាត្លង់ទិកខាងជើង ថាជាផ្នែកមួយនៃ “កងនាវា shadow fleet របស់វេណេស៊ុយអេឡា” ដែលបានដឹកជញ្ជូនប្រេង ដែលត្រូវបានអនុម័ត។

ភ្លាមៗបន្ទាប់ពីការរឹបអូសនាវា Marinera របស់សហរដ្ឋអាមេរិក ក្រសួងការបរទេសរុស្ស៊ី បានទាមទារឱ្យមានការ “ប្រគល់ត្រឡប់មកវិញជាបន្ទាន់” នូវជនជាតិរុស្ស៊ីនៅលើនាវា។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់ក្រសួងថា “ដោយពិចារណាលើព័ត៌មាន ដែលទទួលបានទាក់ទងនឹងវត្តមាន របស់ពលរដ្ឋរុស្ស៊ីក្នុងចំណោមនាវិក យើងទាមទារឱ្យភាគីអាមេរិក ធានានូវការប្រព្រឹត្តដោយមនុស្សធម៌ និងថ្លៃថ្នូរ គោរពសិទ្ធិ និងផលប្រយោជន៍របស់ពួកគេយ៉ាងតឹងរ៉ឹង និងមិនរារាំងការវិល ត្រឡប់មកស្រុកកំណើតរបស់ពួកគេយ៉ាងឆាប់រហ័ស”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top