លោក ដូណាល់ ត្រាំ ដាក់ការសង្ស័យថា តើអង្គការ NATO នឹងជួយការពារ សហរដ្ឋអាមេរិកដែរឬទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកកំពុងសង្ស័យថាតើអង្គការ NATO នឹងមកការពារសហរដ្ឋអាមេរិក នៅពេលដែលខ្លួនត្រូវការឬអត់ ដែលការលើឡើងបែបនេះ ហាក់បង្ហាញពីការឃ្លាតកាន់តែឆ្ងាយ របស់មហាអំណាចអាមេរិក និងអង្គការសម្ព័ន្ធយោធាដ៏ធំ នៅលើពិភពលោកមួយនេះ ។
លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់នេះពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើ តំបន់ Greenland អាចបញ្ចប់សម្ព័ន្ធភាពយោធា ដែលបានបង្កើតឡើងចាប់ តាំងពីចុងបញ្ចប់ នៃសង្គ្រាមលោកលើកទីពីរ។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា “យើងនឹងនៅទីនោះជានិច្ចសម្រាប់អង្គការ NATO ទោះបីជាពួកគេមិននៅទីនោះ សម្រាប់យើងក៏ដោយ”។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ស៊ីនហួនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា លោក ត្រាំ និងក្រុមរបស់លោកកំពុងថ្លឹងថ្លែង “ជម្រើសជាច្រើន” ដើម្បីទទួលបានតំបន់ Greenland របស់ប្រទេសដាណឺម៉ាក រួមទាំង “ការប្រើប្រាស់យោធាសហរដ្ឋអាមេរិក”។ ហើយប្រទេសដាណឺម៉ាក គឺជាសមាជិកនៃអង្គការ NATO និងសហភាពអឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា
