ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំងថា ក្រុមប្រទេស G7 មិនគួរត្រូវបានដាក់ជាក្រុមប្រឆាំង នឹងក្រុមប្រទេស BRICS នោះទេ

បរទេស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានមានប្រសាសន៍ថា G7 មិនគួរត្រូវបានដាក់ជាក្រុមប្រឆាំងនឹង BRICS នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសបារាំងបានទទួលតំណែងជាប្រធាន G7 នៅឆ្នាំនេះ ដែលស្របគ្នានឹងប្រទេសឥណ្ឌា ដែលទទួលតួនាទីដូចគ្នានៅក្នុងក្រុមប្រទេស BRICS។

លោក ម៉ាក្រុង បានមានប្រសាសន៍ នៅក្នុងសុន្ទរកថា ប្រចាំឆ្នាំរបស់លោកទៅកាន់ឯកអគ្គរដ្ឋទូតបារាំង ដោយគូសបញ្ជាក់ពីអាទិភាព គោលនយោបាយការបរទេស របស់ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ថា ការធ្វើជាប្រធាន G7 របស់ប្រទេសបារាំង នឹងដាក់វានៅក្នុងបេះដូង នៃពហុភាគីនិយម។

លោក ម៉ាក្រុង បានបន្តថា “G7 មិនគួរជាក្លឹបប្រឆាំងនឹងចិន ឬក្លឹបប្រឆាំងនឹង BRICS ទេ” ដោយបន្ថែមថា “ហើយយើងក៏មិនអាចអនុញ្ញាតឱ្យ BRICS ក្លាយជាក្លឹបប្រឆាំងនឹង G7 ដែរ”។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹង “ការបែកបាក់នៃពិភពលោក” ផងដែរ។

សូមជម្រាបថា BRICS គឺជាប្លុកដ៏មានឥទ្ធិពលនៃសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដែលដើមឡើយជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង (BRICS) ដែលឥឡូវនេះបានពង្រីកដើម្បីរួមបញ្ចូលអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម (BRICS+) ដោយឥណ្ឌូនេស៊ីចូលរួមនៅឆ្នាំ ២០២៥៕
ប្រែសម្រួលៈ ណៃ តុលា

To Top