បរទេស៖ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានប្រាប់កិច្ចប្រជុំអ្នកការទូតបរទេសនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មានភស្តុតាងយ៉ាងទូលំទូលាយដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន «ផ្តល់ជំនួយយ៉ាងច្រើន» នៅក្នុងភាពចលាចលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងអាជ្ញាធរបានផ្ទុះឡើងនៅចុងខែមុន ដែលនាំឱ្យមានការស្លាប់រាប់រយនាក់ក្នុងចំណោមកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងអ្នកនៅជិតកន្លែងតវ៉ា។
វិហារអ៊ីស្លាមជាច្រើន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងអគារផ្សេងទៀត ត្រូវបានដុតបំផ្លាញនៅទូទាំងប្រទេសអ៊ីរ៉ង់។ យោងតាមលោក Araghchi ការតវ៉ាទូទាំងប្រទេស «បានប្រែក្លាយទៅជាហិង្សា និងបង្ហូរឈាម ដើម្បីផ្តល់លេស» សម្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេស។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបាននិយាយថា «មនុស្សជាច្រើនដែលត្រូវបានសម្លាប់ គឺត្រូវបានគេបាញ់ពីក្រោយ»។ លោកបានកត់សម្គាល់ថា ទីក្រុងតេហេរ៉ង់មានភស្តុតាងជាក់ស្តែងថា ប្រតិបត្តិករមួយចំនួនគឺបានទទួលបញ្ជាដោយផ្ទាល់ពីមហាអំណាចបរទេស ហើយលោកបានទទូចថាមាន «ភស្តុតាងច្បាស់នោះ គឺថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាអ្នកផ្តល់ជំនួយយ៉ាងច្រើននៅក្នុងសកម្មភាពភេរវកម្មទាំងនេះ»៕
ប្រែសម្រួលៈ ណៃ តុលា
