លោក ដូណាល់ ត្រាំថា យោធាអាមេរិក ប្រើប្រាស់អាវុធសម្ងាត់ថ្មីមួយ បិទប្រព័ន្ធការពារដែន អាកាស របស់វេណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ
បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា យោធាអាមេរិកបានប្រើប្រាស់អាវុធសម្ងាត់ថ្មីមួយ ដើម្បីបិទប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសវេណេស៊ុយអេឡា ក្នុងអំឡុងពេលវាយឆ្មក់ នៅទីក្រុងការ៉ាកាស ចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦បានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែមករា កងកុម្ម៉ង់ដូអាមេរិក បានចាប់លោក ម៉ាឌូរ៉ូ ចេញពីបរិវេណផ្ទះរបស់លោក ដោយគ្មានអ្នករងរបួស ឬបាត់បង់យន្តហោះ មួយគ្រឿងឡើយ។ មន្ទីរបញ្ចកោណបាននិយាយថា យន្តហោះ និងឧទ្ធម្ភាគចក្រជាង ១៥០ គ្រឿងបានចូលរួមក្នុងប្រតិបត្តិការនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Post ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថា អាវុធអាថ៌កំបាំងនេះបាន “ធ្វើឱ្យឧបករណ៍ [សត្រូវ] មិនដំណើរការ”។
សមាជិកយោធាអាមេរិកចំនួនប្រាំពីរនាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងការវាយឆ្មក់នេះ ហើយឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានខូចខាត ប៉ុន្តែនៅតែដំណើរការ។ របាយការណ៍ជាច្រើនបានបង្ហាញថា សហរដ្ឋអាមេរិក ប្រហែលជាបានប្រើបច្ចេកវិទ្យារំខាន ដើម្បីបិទប្រព័ន្ធរ៉ាដា ឬបង្ខំពួកគេឱ្យបង្ហាញខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
