ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ លើកទី២ ទៅលើលីបង់ក្នុងថ្ងៃតែមួយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើការវាយប្រហារមួយផ្សេងទៀត លើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ ដោយផ្តោតលើសមាជិកក្រុមហេសបូឡា។

ការវាយប្រហារនៅក្នុងតំបន់ Nabatieh គឺជា ការឆ្លើយតបទៅនឹងការរំលោភម្តងហើយម្តងទៀត របស់ក្រុម Hezbollah ទាំងដែលភាគីកំពុង អនុវត្តបទឈប់បាញ់។

នៅព្រឹកថ្ងៃចន្ទនេះ គេហទំព័រព័ត៌មានក្នុងស្រុក Lebanon Debate បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារលើទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់ Sheikh Ali Noureddine ដែលជាពិធីករទូរទស្សន៍នៅទូរទស្សន៍ Al-Manar TV និងពីរនាក់ទៀតរងរបួស។

ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារនេះ ដោយនិយាយថា អ្នកស្លាប់ឈ្មោះ Noureddine គឺជាប្រធានក្រុមកាំភ្លើងធំនៅក្នុងក្រុម Hezbollah ផងដែរ។ វាបាននិយាយថាការវាយប្រហារនេះគឺជា ការឆ្លើយតប ចំពោះការចោទប្រកាន់របស់ក្រុម Hezbollah ដែលបានរំលោភលើបទឈប់បាញ់។

ទោះបីជាបទឈប់បាញ់ ដែលបានចូលជាធរមាន នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៤ ក៏ដោយក៏កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារជាញឹកញាប់ នៅក្នុងប្រទេសលីបង់ដោយលើកឡើងពី ការគំរាមកំហែង ពីក្រុម Hezbollah ខណៈដែលរក្សាទីតាំងនៅចំណុចសំខាន់ៗ ចំនួន៥កន្លែងនៅតាមព្រំដែនលីបង់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top