ព័ត៌មានអន្តរជាតិ

ស្លាប់៧នាក់ របួសម្នាក់នៅរដ្ឋMaine ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ឯកជនមួយគ្រឿង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឱ្យដឹងថា មនុស្សចំនួន៧នាក់បានបាត់បង់ជីវិត និងម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះជំនួញឯកជនមួយគ្រឿង ផ្ទុកមនុស្ស៨នាក់ បានធ្លាក់ក្នុងអំឡុងពេលហោះហើរនៅទីក្រុង Bangor រដ្ឋ Maine របស់សហរដ្ឋអាមេរិក។

របាយការណ៍របស់ FAA បាននិយាយថា យន្តហោះបានធ្លាក់ក្រោមកាលៈទេសៈមិនទាន់ត្រូវបានកំណត់បាននៅឡើយនៅពេលចេញដំណើរ ដោយបានធ្វើដំណើរបញ្ច្រាស់ទិស និងបង្កជាឆាបឆេះតែម្តង។

អាកាសយានដ្ឋានអន្តរជាតិ Bangor បាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់បានឆ្លើយតបនឹងឧប្បត្តិហេតុនៅម៉ោងប្រហែល ៧ និង ៤៥ នាទីយប់ម៉ោងក្នុងស្រុក។ អាកាសយានដ្ឋាន​ត្រូវ​បាន​បិទ ហើយ​នឹង​នៅ​តែ​បិទ​រហូត​ដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ​ត្រង់​ថ្ងៃ​ពុធ​នេះ​បើ​យោង​តាម​អាកាសយានដ្ឋាន។

យ៉ាងណាក្តីមកដល់ពេលនេះFAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនៅតែកំពុងបន្តស៊ើបអង្កេតការធ្លាក់យន្តហោះនេះនៅឡើយ។

យោងតាមកំណត់ត្រារបស់សហព័ន្ធ យន្តហោះនេះ គឺជាយន្តហោះពាណិជ្ជកម្ម Bombardier Challenger ដែលបានចុះឈ្មោះទៅសាជីវកម្ម ទទួលខុសត្រូវមានកម្រិត ដែលមានមូលដ្ឋាននៅទីក្រុង Houston រដ្ឋ Texas៕

ប្រែសម្រួល៖ស៊ុនលី

To Top