លោក ត្រាំ គំរាមអ៊ីរ៉ង់ជាមួយនឹង «កងនាវា និងក្រុមនាវាចម្បាំង» ដែលធំជាង និងច្រើនជាង នៅជុំវិញប្រទេសវេណេស៊ុយអេឡា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រសួងសង្គ្រាមសហរដ្ឋអាមេរិកបានដាក់ពង្រាយ «កងនាវាចម្បាំងដ៏ធំមួយ» និងទ្រព្យសម្បត្តិយោធាផ្សេងទៀតនៅជិតប្រទេសអ៊ីរ៉ង់ ខណៈពេលដែលលោកទទូចថា ការទូតនៅតែជាជម្រើសមួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីដើមខែនេះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា លោកជិតចេញបញ្ជា ឱ្យវាយប្រហារ លើគោលដៅអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបដោយហិង្សាលើការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានបណ្តាលឱ្យមនុស្ស រាប់ពាន់នាក់ ស្លាប់, នេះបើយោងតាមក្រុមសិទ្ធិមនុស្សមួយចំនួន។ ខណៈពេលដែលលោកបានពន្យារពេល ការសម្រេចចិត្តនោះ ទ្រព្យសម្បត្តិយោធានៅតែបន្តហូរចូលទៅក្នុងតំបន់នេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ Axios កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា ស្ថានភាពជាមួយអ៊ីរ៉ង់នៅតែ «មិនស្ថិតស្ថេរ»។
លោកថា «យើងមានកងនាវាចម្បាំង ដ៏ធំមួយនៅជាប់នឹងអ៊ីរ៉ង់, ធំជាងប្រទេសវេណេស៊ុយអេឡាទៅទៀត» ដោយសំដៅទៅលើការកសាង កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅជិតប្រទេសអាមេរិកខាងត្បូង ដែលនាំឱ្យមានការចាប់ខ្លួន មេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។
ចំណុចកណ្តាលនៃការកសាងនេះគឺក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ថា ឥឡូវនេះកំពុងប្រតិបត្តិការ នៅមជ្ឈិមបូព៌ា។ យន្តហោះចម្បាំង F-15 និង F-35 បន្ថែម យន្តហោះចាក់ប្រេង និងប្រព័ន្ធការពារដែនអាកាសក៏ត្រូវ បានដាក់ពង្រាយផងដែរ។ ឧត្តមនាវីឯក Brad Cooper មេបញ្ជាការ CENTCOM បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីផែនការយោធារួមគ្នា៕
ប្រែសម្រួលៈ ណៃ តុលា
