ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ​ អំពាវនាវ ឱ្យមានការស្តារនីតិរដ្ឋ អន្តរជាតិឡើងវិញ

អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យរដ្ឋជាសមាជិកប្តេជ្ញាចិត្តឡើងវិញ​ ចំពោះការគោរពច្បាប់អន្តរជាតិ យ៉ាងពេញលេញ។

លោកបានប្រាប់ការជជែកពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ​ ស្តីពីនីតិរដ្ឋអន្តរជាតិថា “នីតិរដ្ឋ​ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខសកល​ ហេីយវាជាគន្លឹះនៃទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រទេស និងតំបន់នានានៃពិភពលោក​ ក៏ដូចជាបេះដូងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ​ អស់រយៈពេល ៨០ឆ្នាំមកហើយ វាបានជួយមនុស្សជាតិ ឱ្យជៀសវាងសង្គ្រាមលោកលើកទី៣ និងបានបន្ធូរបន្ថយការស្លាប់ របស់មនុស្សនៅក្នុងជម្លោះតូចៗរាប់មិនអស់”។

លោកបន្ដថា​ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងឧបករណ៍ច្បាប់អន្តរជាតិផ្សេងទៀត បានរួមចំណែកដល់ប្រព័ន្ធសន្តិសុខរួមមួយដែលរឹងមាំ និងធន់។ ប្រព័ន្ធនេះហាមឃាត់ការ គំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយចងរដ្ឋទាំងអស់ ទាំងធំទាំងតូច ទៅនឹងច្បាប់ដូចគ្នា និងគោរពគោលការណ៍ នៃអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីរបស់រដ្ឋ ។

លោកបានបន្ថែមថា «សម្រាប់ប្រទេសតូចៗ និងប្រទេស​ ដែលមានអំណាចតិចជាង និងអ្នកដែលរងទុក្ខដោយអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្រ និងមរតកដ៏បំផ្លិចបំផ្លាញនៃការគ្រប់គ្រងអាណានិគម ច្បាប់អន្តរជាតិ​ គឺជាខ្សែជីវិត​ ដែលសន្យាថា​ នឹងមានការប្រព្រឹត្តស្មើភាពគ្នា អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌។

លោកបានគូសបញ្ជាក់ថា​ ហើយសម្រាប់ប្រទេសដែលមានអំណាច វាគឺជារបាំងការពារដែលកំណត់អ្វីដែលអាចទទួលយកបាន និងអ្វីដែលមិនអាចទទួលយកបាន នៅក្នុងគ្រាមានការមិនចុះសម្រុងគ្នា ការបែកបាក់ និងជម្លោះជាក់ស្តែង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top