លោក Trump ដំឡើងពន្ធនាំចូល ដល់ ២៥% លើទំនិញជាច្រើនពីកូរ៉េខាងត្បូង ដោយចោទប្រទេសនេះថា មិនបានបំពេញកិច្ច ព្រមព្រៀង ពាណិជ្ជកម្មរបស់ខ្លួន
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងដំឡើង ពន្ធនាំចូលដល់ ២៥% លើរថយន្ត ឈើ និងឱសថពីប្រទេសកូរ៉េខាងត្បូង ដោយចោទប្រកាន់ប្រទេសនេះថា «មិនបានបំពេញ» កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ថា លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី ២៦ ខែមករាថា «កូរ៉េខាងត្បូងមិនទាន់បានបំពេញកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនៅឡើយទេ»។ «ដោយសារតែរដ្ឋសភាកូរ៉េខាងត្បូង មិនទាន់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្ររបស់យើង ទោះបីជាវាស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់ពួកគេក៏ដោយ ខ្ញុំបានសម្រេចចិត្តបង្កើនពន្ធនាំចូលលើរថយន្ត ឈើ ឱសថ និងពន្ធទៅវិញទៅមកផ្សេងទៀតទាំងអស់លើទំនិញកូរ៉េខាងត្បូង ពី ១៥% ទៅ ២៥%»។ លោក Trump មិនបានបញ្ជាក់ថាពេលណា ពន្ធនេះនឹងចូលជាធរមាននោះទេ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ។ ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយពន្ធលើរថយន្ត និង គ្រឿងបន្លាស់រថយន្តកូរ៉េខាងត្បូងដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិកពី ២៥% ទៅ ១៥% ដែលត្រូវគ្នានឹងពន្ធលើប្រទេសជប៉ុន។ កូរ៉េខាងត្បូង ក៏នឹងវិនិយោគទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារ នៅក្នុងវិស័យយុទ្ធសាស្ត្រ នៅសហរដ្ឋអាមេរិកផងដែរ។ ក្នុងចំណោមនេះ ទីក្រុងសេអ៊ូលនឹងចំណាយសាច់ប្រាក់ចំនួន ២០០ ពាន់លានដុល្លារជាដំណាក់កាល ដោយមានដែនកំណត់ចំនួន ២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាស្ថិរភាពនៃប្រាក់វ៉ុន ។
ទោះជាយ៉ាងណា ក៏ដោយ កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា ផែនការវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារមិន អាចដាក់ឱ្យដំណើរការនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដោយសារតែប្រាក់វ៉ុនចុះខ្សោយ។ ការអនុញ្ញាតឱ្យមាន លំហូរចេញនៃដើមទុនយ៉ាងច្រើន កំពុងបង្ហាញឱ្យឃើញពីការលំបាកសម្រាប់មន្ត្រីកូរ៉េខាងត្បូង ដោយសារប្រាក់វ៉ុនបានធ្លាក់ចុះ ដល់តម្លៃទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៧-២០០៩៕
ប្រែសម្រួលៈ ណៃ តុលា
