កម្មវិធីប្ដូរផលិតផលចាស់ យកផលិតផលថ្មី របស់ប្រទេសចិន ជំរុញការប្រើប្រាស់ក្នុងស្រុក និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងការកើនឡើង នៃភាពមិនច្បាស់លាស់ កំណើនយឺត និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ប្រទេសចិននៅតែបន្តខិតខំប្រឹងប្រែង ឥតឈប់ឈរ ដើម្បីជំរុញការ អភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងសម្រេចឱ្យបាននូវគោលដៅ សតវត្សរ៍ទីពីរក្លាយទៅជាប្រទេស សង្គមនិយមទំនើប និងខ្លាំងក្លាលើគ្រប់វិស័យនៅឆ្នាំ ២០៤៩ ។
ឈរលើស្មារតីនៃផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) រដ្ឋាភិបាលចិននឹងផ្តល់សារៈសំខាន់ខ្ពស់ចំពោះការពង្រឹងការប្រើប្រាស់ក្នុងស្រុក ឱ្យក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើន និងជាខែលការពារទប់ទល់នឹងការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងចំណោមវិធានការសំខាន់ៗ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី ដែលទទួលបាន ការឧបត្ថម្ភធនពីរដ្ឋាភិបាល បានក្លាយជាគោលនយោបាយ ជាក់ស្តែងមួយក្នុងការជំរុញ ការប្រើប្រាស់ប្រកបដោយគុណភាព និងចីរភាព ។
នៅដើមឆ្នាំ ២០២៦ ការអនុវត្តកម្មវិធីនេះបានបង្ហាញពី សន្ទុះវិជ្ជមានគួរឱ្យកត់សម្គាល់។ ត្រឹមតែរយៈពេលប៉ុន្មាននាទី នៃការចាប់ផ្តើមកម្មវិធីខាងលើ នៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ អ្នកប្រើប្រាស់ក្នុងទីក្រុងធំៗ ដូចជាប៉េកាំង និងសៀងហៃជាដើម បានបង្ហាញការឆ្លើយតបយ៉ាង សកម្មតាមរយៈការបញ្ជាទិញផលិតផល ដែលទទួលបានការបញ្ចុះតម្លៃ និងការឧបត្ថម្ភធនពីរដ្ឋាភិបាល ។ ហាងទំនិញលក់រាយមួយចំនួន បានរាយការណ៍ថា ទំហំប្រតិបត្តិការ នៃការលក់របស់ខ្លួននៅទូទាំងប្រទេសមានការកើនឡើងប្រមាណ ១១០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។
សន្ទុះនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីតម្រូវការ របស់អតិថិជន និងការកើនឡើងនៃទំនុកចិត្តអ្នកប្រើប្រាស់ ចំពោះគោលនយោបាយជំរុញតម្រូវការ ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីនិន្នាការនៃការប្រើប្រាស់ឆ្ពោះទៅរកផលិតផល ដែលមានគុណភាពខ្ពស់ នវានវុត្តន៍ និងភាពស៊ីវីល័យផងដែរ។ សម្រាប់ប្រទេសចិន កម្មវិធីប្ដូរផលិតផល ចាស់យកផលិតផលថ្មី បានក្លាយជាឧបករណ៍មួយដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយភាពធន់ និងចីរភាព ។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន នៅឆ្នាំ២០២៤-២០២៥ កម្មវិធីនេះបានលើកទឹកចិត្តដល់ប្រជាជនចិនឱ្យយករថយន្ត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចចាស់ៗ មកប្តូរយកម៉ូដែលទំនើប និងសន្សំសំចៃថាមពលជាងមុន។ ការអនុវត្តកម្មវិធីនេះ បានជំរុញការលក់សរុបជាទឹកប្រាក់ប្រមាណ ៣,៩២ ទ្រីលានយ័ន ហើយបានក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការលើកកម្ពស់តម្រូវការក្នុងស្រុក និងកំណើនប្រកបដោយចីរភាព។
ទោះបីខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល នៅផុយស្រួយ ហើយភាពមិនប្រាកដប្រជាពីខាងក្រៅនៅតែបន្តអូសបន្លាយ ការប្រើប្រាស់ក្នុងស្រុក របស់ប្រទេសចិននៅ តែមានស្ថិរភាព ហើយបានរួមចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ការចំណាយលើការប្រើប្រាស់ចុង ក្រោយបានរួមចំណែក ៥៣,៥% ដល់កំណើនសេដ្ឋកិច្ចចិន។ ក្នុងនាមជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់សេដ្ឋកិច្ចសកល។
ការចាប់ផ្តើមឆ្នាំ២០២៦ ជាមួយនឹងសន្ទុះ និង ភាពធន់នៃការប្រើប្រាស់ក្នុងស្រុក នឹងត្រួយត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយទំនុកចិត្ត និងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសកល។ ជាមួយនឹងការខិតជិតមកដល់នៃបុណ្យចូលឆ្នាំចិន តម្រូវការក្នុងស្រុកចិននឹងឈានដល់កម្រិតខ្ពស់មួយថែមទៀត ហើយនឹងចាក់បញ្ចូលនូវសន្ទុះថ្មីសម្រាប់តម្រូវការក្នុងស្រុក និងអន្តរជាតិ។
សរុបមកវិញ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី មិនត្រឹមតែនាំមកនូវសន្ទុះ និងភាពធន់នៃការប្រើប្រាស់ក្នុងស្រុករបស់ចិនទេ តែក៏នាំមក នូវនវានុវត្តន៍ ភាពស៊ីវីល័យ និងវឌ្ឍនភាពដល់ប្រជាជន និងប្រទេសចិនផងដែរ។ ភាពរឹងមាំនៃសេដ្ឋកិច្ចចិន នឹងបន្តរួមចំណែកដល់សិ្ថរភាព និងភាពធន់ នៃសេដ្ឋកិច្ចសកល ក្នុងបរិបទនៃការកើនឡើងនូវភាពមិនច្បាស់លាស់សកល។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
