ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ ប្រកាសបង្កើនពន្ធ លើផលិតផលកូរ៉េខាងត្បូង មួយចំនួនពី ១៥​ដល់ ២៥ភាគរយ

ញូវយ៉ក៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកនឹងដំឡើងពន្ធលើទំនិញកូរ៉េខាងត្បូងមួយចំនួនពី ១៥ភាគរយដល់ ២៥ភាគរយ ដោយចោទប្រកាន់ សភាកូរ៉េខាងត្បូងថា​ មិនបានអនុម័តកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

លោកបានឧ្យដឹងនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមថា “ដោយសារតែសភាកូរ៉េ​ មិនទាន់បានអនុម័តកិច្ចព្រមព្រៀង ពាណិជ្ជកម្មប្រវត្តិសាស្ត្ររបស់យើង ដែលជាសិទ្ធិរបស់ពួកគេ ខ្ញុំសូមបង្កើនពន្ធលើរថយន្ត ឈើ ឱសថ និងពន្ធទៅវិញទៅមកផ្សេងទៀតទាំងអស់របស់កូរ៉េខាងត្បូង ពី ១៥​ ដល់ ២៥ភាគរយ”។

លោក ត្រាំ បានលេីកឡេីងថា “សភាកូរ៉េខាងត្បូងមិនបានអនុវត្ត តាមកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកនោះទេ «ខ្ញុំ និងលោកប្រធានាធិបតី លី បានឈានដល់កិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ​ សម្រាប់ប្រទេសទាំងពីរនៅថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៥ ហើយយើងបានបញ្ជាក់ជាថ្មីនូវលក្ខខណ្ឌទាំងនេះ ខណៈពេលដែលខ្ញុំនៅប្រទេសកូរ៉េ នៅថ្ងៃទី២៩​ ខែតុលា ឆ្នាំ២០២៥»។

យោងតាមកិច្ចព្រមព្រៀងដែលបានបញ្ចប់ដោយលោក ត្រាំ​ និងប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកនឹងដាក់ពន្ធគយសរុបចំនួន ១៥ភាគរយលើការនាំចូលពីកូរ៉េខាងត្បូង ដែលទាបជាងកម្រិតដែលលោក ត្រាំ បានគំរាមកំហែងចំនួន ១០ភាគរយ ។ ជាថ្នូរនឹងការដាក់ពន្ធនេះ កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top