ធ្លាក់យន្តហោះយោធា Yak-130 របស់វៀតណាម ពេលហ្វឹកហ្វឺន, ពិឡុតរួចជីវិត
បរទេស៖ អំឡុងពេលហោះហើរហ្វឹកហាត់ យន្តហោះ Yak-130 មួយគ្រឿងបានជួបប្រទះបញ្ហាមួយនៅជិតភ្នំហុនវិញ ស្រុកដុងហ័រ (អតីតខេត្តភូយៀន)។ អ្នកបើកយន្តហោះបានបញ្ជាយន្តហោះឱ្យឆ្ងាយពីតំបន់លំនៅដ្ឋាន មុនពេលលោតឆ័ត្រយោងនៅព្រឹកថ្ងៃទី២៨ ខែមករានេះ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមព័ត៌មានពីក្រសួងការពារជាតិវៀតណាម នៅវេលាម៉ោង ៧:២៧នាទីព្រឹក លោកអនុសេនីយ៍ឯក ឌិញ ថាញ់ ទ្រុង មកពីកងវរសេនាធំទ័ពអាកាសលេខ ៩៤០ សាលានាយទាហានទ័ពអាកាស បញ្ជាការកងទ័ពអាកាស បានបើកបរយន្តហោះ Yak-130 ដើម្បីធ្វើសមយុទ្ធហ្វឹកហាត់ដែលបានគ្រោងទុក។
បន្ទាប់ពីការហ្វឹកហាត់ជិត ២០ នាទី យន្តហោះបានជួបប្រទះបញ្ហាបច្ចេកទេស និង បាត់បង់ការទាក់ទង។ អ្នកបើកយន្តហោះបានព្យាយាម ដោះស្រាយបញ្ហានេះ ប៉ុន្តែមិនបានជោគជ័យទេ។ លោកអនុសេនីយ៍ឯក ទ្រុង បានបញ្ជាយន្តហោះឆ្ពោះទៅតំបន់ភ្នំមួយ ឆ្ងាយពីតំបន់ដែលមានប្រជាជនរស់នៅច្រើន។ នៅពេលដែលទីតាំងសមស្របមួយត្រូវ បានរកឃើញ អ្នកបើកយន្តហោះបានលោតចេញដោយសុវត្ថិភាព។
ក្រសួងការពារជាតិវៀតណាម បានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅតំបន់ភ្នំមួយ ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលឡើយ។ អ្នកបើកយន្តហោះ បន្ទាប់ពីគេចផុតពីគ្រោះថ្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅភូយៀន ហើយបច្ចុប្បន្នស្ថិតក្នុងស្ថានភាពស្ថិរភាព៕
ប្រែសម្រួលៈ ណៃ តុលា
