ទីប្រឹក្សាជាន់ខ្ពស់លោក Putin អះអាងថា រុស្សី ត្រៀមរួចជាស្រេច ស្វាគមន៍វត្តមានលោក Zelensky
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTជំនួយការជាន់ខ្ពស់ របស់វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ត្រូវបានស្វាគមន៍មកកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
លោក Yury Ushakov បាននិយាយថា គំនិត នៃកិច្ចប្រជុំកំពូលរវាងលោក Putinនិងលោក Zelenskyត្រូវបានពិភាក្សា ដោយទីក្រុងមូស្គូក្នុងឱកាសជាច្រើនរួចមកហើយ រួមទាំងក្នុងអំឡុងពេល សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ។
លោក Ushakov បានប្រាប់ក្រុមអ្នកយកព័ត៌មាន របស់ Russia 1 ថា ៖ប្រធានាធិបតីរបស់យើងក៏ បាននិយាយជាច្រើនដង ទៅកាន់អ្នកកាសែតថា ប្រសិនបើលោក Zelensky ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចប្រជុំនោះ យើងនឹងរីករាយក្នុងការអញ្ជើញគាត់ទៅទីក្រុងមូស្គូ ហើយយើងនឹងធានាសុវត្ថិភាព របស់គាត់ និងលក្ខខណ្ឌការងារចាំបាច់។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា វានឹងតម្រូវឱ្យមានការងារបឋមដោយប្រុងប្រយ័ត្ន ដោយបញ្ជាក់ថា ៖រឿងសំខាន់គឺថាទំនាក់ទំនង ទាំងនេះត្រូវបានរៀបចំយ៉ាងល្អ។ ហើយទីពីរគឺពួកគេតម្រង់ទិស ឆ្ពោះទៅរកការសម្រេចបានលទ្ធផល ជាក់លាក់មួយ។
គួរឲ្យដឹងដែរថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រជុំត្រីភាគីបន្ទាប់ទំនងជានឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យម្តងទៀត៕
ប្រែសម្រួល៖ស៊ុនលី
