លោក ត្រាំ ធានាថា រុស្ស៊ី នឹងមិនវាយប្រហារ លើអ៊ុយក្រែននោះទេ ក្នុងពេល១សប្តាហ៍នេះ
បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា រុស្ស៊ីនឹងមិនវាយប្រហារគោលដៅនៅក្នុងទីក្រុងគៀវ និងទីក្រុងអ៊ុយក្រែនផ្សេងទៀត “រយៈពេលមួយសប្តាហ៍” ។ លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពីលោក “បានស្នើសុំផ្ទាល់” ទៅ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឲ្យផ្អាកការវាយប្រហារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ត្រាំ បានប្រាប់អ្នក យកព័ត៌មាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ថា “ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង… ខ្ញុំផ្ទាល់បានស្នើសុំប្រធានាធិបតី ពូទីន កុំបាញ់ប្រហារទៅលើទីក្រុងគៀវ និងទីក្រុង និងទីប្រជុំជន នានទៀត រយៈពេលមួយសប្តាហ៍”។ លោក ត្រាំ បានបន្តថា លោក ពូទីន “បានយល់ព្រមធ្វើដូច្នេះ” ដោយបន្ថែមថា “យើងសប្បាយចិត្តណាស់” ជាមួយនឹងការសម្រេចចិត្តនេះ។
មុននេះបន្តិចនៅថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាមថា ទីក្រុងមូស្គូ និងទីក្រុងគៀវ បានឈានដល់ “បទឈប់បាញ់ថាមពល” រួមគ្នា ។ សមាជិកសភាអ៊ុយក្រែន លោក អាឡិចស៊ី ហ្គុនឆារ៉េនកូ បានអះអាងថា ខណៈពេលដែល “មានកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ថាមពល” “មិនមានកាលបរិច្ឆេទសម្រាប់ការចាប់ផ្តើម នៃបទឈប់បាញ់នេះទេ”។
មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានបទឈប់បាញ់លើផ្នែកថាមពល ក្នុងអំឡុងពេលដែលភាគីទាំងពីរនឹងឈប់កំណត់គោលដៅរោងចក្រថាមពល និងបណ្តាញអគ្គិសនីរបស់គ្នាទៅវិញទៅមក។ យោងតាមរដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក Denis Shmigal ការអំពាវនាវទាំងនេះ កាន់តែខ្លាំងឡើងនៅសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀត របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថា មពលបានធ្វើឱ្យប្រជាជនជិត មួយលានគ្រួសារស្ថិតក្នុងភាពមិនច្បាស់លាស់ នៅទីក្រុងគៀវកាលពីថ្ងៃពុធ៕
