ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ព្រមានប្រឆាំង នឹងការវាយប្រហារ និងសន្យាឆ្លើយតប ខណៈដែលភាពតានតឹងជាមួយអាមេរិកកើនឡើង

តេអេរ៉ង់ ៖ ខណៈដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិក បន្តកើនឡើង អ៊ីរ៉ង់បានចេញការព្រមាន ជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍ទាក់ទងនឹង សកម្មភាពយោធា ដែលអាចកើតមានរបស់សហរដ្ឋអាមេរិក ហើយបានចាប់ផ្តើមបង្កើនការត្រៀមខ្លួន ផ្នែកយោធារបស់ខ្លួន​ សម្រាប់ជម្លោះ ដែលអាចកើតមាន ។

មុននេះបន្តិច អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានដាក់បញ្ចូលយន្តហោះគ្មានមនុស្សបើក “ប្រយុទ្ធជាយុទ្ធសាស្ត្រ” ដែលផលិតក្នុងស្រុកចំនួន​ ១០០០គ្រឿងទៅក្នុងកងពលកងទ័ពរបស់ខ្លួន។

យន្តហោះគ្មានមនុស្សបើកទាំងនេះត្រូវបានចែកចាយទៅឱ្យកងទ័ពជើងគោក ការពារដែនអាកាស កងទ័ពជើងទឹក និងកងទ័ពអាកាស ក្រោមបញ្ជារបស់មេបញ្ជាការកងទ័ពលោក Amir Hatami ហើយមានសមត្ថភាពវាយប្រហារគោលដៅថេរ ឬចល័តនៅលើដី នៅលើសមុទ្រ និងនៅលើអាកាស។

កងទ័ពបានផ្តល់អាទិភាពដល់ការរក្សាគុណសម្បត្តិជាយុទ្ធសាស្ត្រ ដើម្បីផ្តល់ការឆ្លើយតប “កំទេច” ចំពោះការឈ្លានពានណាមួយ លោក Hatami ត្រូវបានគេដកស្រង់សម្តី។

យោងតាមសារព័ត៌មាន Press TV ប្រទេសនេះក៏បានប្រកាសផងដែរថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នឹងធ្វើសមយុទ្ធ «បាញ់គ្រាប់ពិត» នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ នៅក្នុងច្រកសមុទ្រ Hormuz ដែលជា «ចំណុចស្ទះសម្រាប់លំហូរប្រេង និងឧស្ម័នធម្មជាតិចំនួន ២០ភាគរយរបស់ពិភពលោក»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top