លោក ត្រាំ ព្រមានអំពីគ្រោះថ្នាក់ខ្លាំង ចំពោះអង់គ្លេស និងកាណាដា ដែលប៉ុនប៉ងបង្កើតទំនាក់ទំនងល្អជាមួយចិន
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រទេសកាណាដា និង ចក្រភពអង់គ្លេសថា កិច្ចខិតខំប្រឹងប្រែងថ្មីៗ របស់ប្រទេសទាំងពីរ ក្នុងការកែលម្អទំនាក់ទំនងអាជីវកម្ម ជាមួយប្រទេសចិនគឺ «មានគ្រោះថ្នាក់ខ្លាំង» ខណៈដែលប្រទេសទាំងពីរ កំពុងស្វែងរកការកំណត់ទំនាក់ទំនង ជាមួយទីក្រុងប៉េកាំងឡើងវិញ ចំពេលមានភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ត្រាំ បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃព្រហស្បតិ៍ នៅឯការចាក់បញ្ចាំងលើកដំបូង នៃខ្សែភាពយន្តឯកសារអំពីលោកស្រីទីមួយ មេឡានៀ ត្រាំ។ នៅពេលសួរអំពីកិច្ចប្រជុំកំពូល ចក្រភពអង់គ្លេស-ចិនថ្មីៗនេះ នៅទីក្រុងប៉េកាំង លោក ត្រាំ បាននិយាយថា «មែនហើយ វាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ពួកគេក្នុងការធ្វើបែបនោះ»។
ប្រធានាធិបតីអាមេរិក បានបន្តថា វា «កាន់តែមានគ្រោះថ្នាក់សម្រាប់កាណាដាក្នុងការធ្វើអាជីវកម្មជាមួយប្រទេសចិន»។ លោកថា «កាណាដាមិន ដំណើរការល្អនោះទេ… អ្នកមិនអាចមើលប្រទេសចិនជាចម្លើយបានទេ» ដោយលោកបាននិយាយលេងសើចថា ប្រទេសចិនអាចប្រាប់កាណាដាថា៖ «អ្នកមិនត្រូវបានអនុញ្ញាត ឱ្យលេងហុកគីលើទឹកកកទៀតទេ»។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានប្រាប់មេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់កសាង «ទំនាក់ទំនងដ៏ទំនើបជាងមុន» រវាងប្រទេសទាំងពីរ ដោយពណ៌នាអំពីទំនាក់ទំនងថា បានផ្លាស់ប្តូរពី «យុគមាសទៅជាយុគទឹកកក»។
វិមាន Downing Street បានឱ្យដឹងថា ប្រទេសចិនបានយល់ព្រម កាត់បន្ថយពន្ធនាំចូលលើស្រាវីស្គីអង់គ្លេសពាក់កណ្តាលពី ១០% មកត្រឹម ៥% និងបានបញ្ជាក់ការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់ជនជាតិអង់គ្លេសដែលមកទស្សនាចិនរយៈពេលក្រោម ៣០ ថ្ងៃ។ ក្រុមហ៊ុន AstraZeneca ក៏បានដាក់ចេញផែនការ វិនិយោគចំនួន ១៥ ពាន់លានដុល្លារនៅក្នុងប្រទេសចិនរហូតដល់ឆ្នាំ ២០៣០ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនេះផងដែរ៕
