វិមានក្រឹមឡាំង ៖ សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ អាចបង្កភាពវឹកវរនៅមជ្ឈិមបូព៌ា
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា សកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់ អាចបង្កើតភាពវឹកវរ និងធ្វើឱ្យប្រព័ន្ធសន្តិសុខអស្ថិរភាពនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “សកម្មភាពបង្ខំ ណាមួយអាចបង្កើតភាពវឹកវរនៅក្នុងតំបន់ និងនាំឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ខ្លាំង ទាក់ទងនឹងការធ្វើឱ្យប្រព័ន្ធសន្តិសុខអស្ថិរភាពនៅទូទាំងតំបន់”។
លោកបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហានេះ ដោយសារជម្រើសការទូត និងការចរចាមិនទាន់អស់ នៅឡើយទេ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា “កងនាវាដ៏ធំ” ដែលដឹកនាំដោយ នាវាផ្ទុកយន្តហោះ Abraham Lincoln និងធំជាងនាវាដែល ត្រូវបានបញ្ជូនទៅប្រទេស វេណេស៊ុយអេឡា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយបានព្រមានទីក្រុងតេអេរ៉ង់ថា “ពេលវេលាជិតអស់ហើយ” ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕
