លោក ហ្សេឡិនស្គី រំពឹងថា កិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអាមេរិក សម្រាប់ការផ្អាក វាយប្រហារអ៊ុយក្រែន នឹងត្រូវបានអនុវត្ដ
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា លោករំពឹងថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីការមិនកំណត់គោលដៅ ទីក្រុងអ៊ុយក្រែន ក្នុងអំឡុងពេលអាកាសធាតុរដូវរងាខ្លាំង នឹងត្រូវបានអនុវត្ត ។
លោក ហ្សេឡិនស្គី បានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ក្រុមការងាររបស់យើង បានពិភាក្សាអំពីរឿងនេះនៅក្នុងប្រទេសអារ៉ាប់រួម។ យើងរំពឹងថាកិច្ចព្រមព្រៀង ទាំងនេះនឹងត្រូវបានអនុវត្ត” ។
លោកបានបន្ថែមថា “ជំហានកាត់បន្ថយភាពតានតឹង បែបនេះរួមចំណែកដល់ចលនាពិតប្រាកដឆ្ពោះទៅរកការបញ្ចប់សង្គ្រាម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
មុននេះបន្តិច ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចៀសវាងការវាយប្រហាររដ្ឋធានីអ៊ុយក្រែន និងទីក្រុងដទៃទៀត រយៈពេលមួយសប្តាហ៍ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង៕
