ព័ត៌មានអន្តរជាតិ

អាមេរិក យល់ព្រមលក់សព្វាវុធ ទៅឲ្យអ៊ីស្រាអែល ក្នុងទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារ

បរទេស ៖ រដ្ឋបាលលោក Trump បានអនុម័តការលក់អាវុធស៊េរីថ្មីដ៏កញ្ចប់ធំមួយ ទៅឱ្យប្រទេសអ៊ីស្រាអែល សរុបក្នុងទំហំទឹកប្រាក់ ៦,៦៧ ពាន់លានដុល្លារ និងលក់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងទំហំទឹកប្រាក់ ៩ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការលក់ទាំងពីរឈុតត្រូវ បានប្រកាសដោយក្រសួង ការបរទេស អាមេរិក នៅល្ងាចថ្ងៃសុក្រ ខណៈដែលភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ាជុំវិញលទ្ធភាព នៃការវាយប្រហារយោធា របស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់។ ការលក់នេះត្រូវបានបង្ហាញជា សាធារណៈបន្ទាប់ពីក្រសួង បានជូនដំណឹងដល់សភាអំពីការយល់ ព្រមលើការលក់នេះកាលពីព្រឹកថ្ងៃសុក្រ។

ការលក់នេះក៏ត្រូវបានប្រកាសផងដែរ ខណៈដែលប្រធានាធិបតី Donald Trump ជំរុញផែនការឈប់បាញ់ របស់លោកសម្រាប់ តំបន់ហ្គាហ្សា ដែលមានបំណងបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស និងកសាងឡើងវិញ និងអភិវឌ្ឍឡើងវិញនូវទឹក ដីប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាម រយៈពេលពីរឆ្នាំបានបំផ្លាញតំបន់នេះ និងដោយមានមនុស្សរាប់ម៉ឺន នាក់បានស្លាប់។

ការលក់សព្វាវុធទៅឲ្យអារ៉ាប៊ីសាអូឌីតគឺសម្រាប់មីស៊ីល Patriot ចំនួន ៧៣០ គ្រាប់ និងឧបករណ៍ពាក់ព័ន្ធ ដែល «នឹងគាំទ្រគោលនយោបាយ ការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការកែលម្អសន្តិសុខ របស់សម្ព័ន្ធមិត្តមិន មែនណាតូដ៏សំខាន់មួយ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងតំបន់ឈូងសមុទ្រ» ៕

To Top