អ៊ីរ៉ង់ គ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹក បាញ់គ្រាប់ពិត នៅក្នុងច្រកសមុទ្រ Hormuz
បរទេស ៖ យោធាសហរដ្ឋអាមេរិក បានចេញការព្រមាន ជាផ្លូវការមួយ ទៅកាន់ប្រទេសអ៊ីរ៉ង់ អំពីសមយុទ្ធកងទ័ពជើងទឹក បាញ់គ្រាប់ពិត ដែលបានគ្រោងទុករបស់ខ្លួន នៅក្នុងច្រកសមុទ្រ Hormuz ខណៈដែលអាមេរិកកំពុងធ្វើ «ត្រៀមខ្លួន» ដ៏សំខាន់របស់ខ្លួននៅទូទាំងមជ្ឈិមបូព៌ា ក្នុងពេលដំណាលគ្នា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានជំរុញឱ្យកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ត្រូវធ្វើសមយុទ្ធរយៈពេលពីរថ្ងៃរបស់ខ្លួន ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យ «តាមរបៀបដែលមានសុវត្ថិភាព វិជ្ជាជីវៈ និងជៀសវាងហានិភ័យដែលមិនចាំបាច់»។
«ការព្រមាននេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិកខ្លួនឯង កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងច្រើនថ្ងៃនៅទូទាំងតំបន់ ។ កងទ័ពអាកាសសហរដ្ឋអាមេរិកកណ្តាល (AFCENT) បានប្រកាសពី «សមយុទ្ធត្រៀមខ្លួន» ក្នុងសប្តាហ៍នេះ ដែលត្រូវបានរៀបចំឡើង ដើម្បីអនុវត្តការដាក់ពង្រាយយ៉ាងឆាប់រហ័ស និងការគាំទ្រយន្តហោះប្រយុទ្ធ ទៅកាន់ «ទីតាំងសង្គ្រោះបន្ទាន់» ផ្សេងៗ។
សមយុទ្ធផ្លូវអាកាសទាំងនេះបំពេញបន្ថែម ដល់ការកសាងកងទ័ពជើងទឹក ដែលប្រធានាធិបតី Donald Trump បានគាំទ្រជាសាធារណៈ។ «មានកងនាវាដ៏ធំមួយទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ឥឡូវនេះ» លោក Trump បាននិយាយកាលពីដើមសប្តាហ៍នេះ ដោយសំដៅទៅលើក្រុម វាយប្រហារ នាវាផ្ទុកយន្តហោះ ដែលដឹកនាំដោយនាវា ផ្ទុកយន្តហោះ USS Abraham Lincoln៕
ប្រែប្រួលៈ ណៃ តុលា
