ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ជាថ្មីថា នឹងមិនសម្របសម្រួលលើបូរណភាពទឹកដីនោះទេ
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា មិនមានកិច្ចព្រមព្រៀងណា មួយត្រូវបានសម្រេចលើតំបន់ Donetsk ក្នុងអំឡុងពេលចរចាសន្តិភាពថ្មីៗនេះទេ ដោយបញ្ជាក់ជាថ្មីថា អ៊ុយក្រែនមិនបានត្រៀមខ្លួនរួចរាល់ក្នុងការប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីនោះទេ។
លោក ហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ថា “យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្របសម្រួល ដែលនាំទៅដល់ការ បញ្ចប់សង្គ្រាមពិតប្រាកដ ប៉ុន្តែវាពិតជាមិនទាក់ទងនឹង ការផ្លាស់ប្តូរបូរណភាពទឹកដីរបស់អ៊ុយក្រែននោះទេ”។
លោកបានលេីកឡេីងថា សហរដ្ឋអាមេរិកបានស្នើដំណោះស្រាយសម្របសម្រួល មួយដែលពាក់ព័ន្ធនឹងការបង្កើត តំបន់សេដ្ឋកិច្ចសេរីនៅក្នុងតំបន់ Donbas ដោយបន្ថែមថា អ៊ុយក្រែនស្នើថា ការគ្រប់គ្រងលើតំបន់នេះគួរតែត្រូវ បានចែកចាយតាមបណ្តោយខ្សែបន្ទាត់ជួរមុខ។
លោកបានសង្កត់ធ្ងន់ថា បញ្ហាទឹកដីទាំងអស់ត្រូវតែ ដោះស្រាយនៅកម្រិតមេដឹកនាំនៃប្រទេសនានា នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានស្នើផងដែរថា កិច្ចព្រមព្រៀង ស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន គួរតែត្រូវបានចុះហត្ថលេខាមុនពេល បញ្ចប់កិច្ចព្រមព្រៀងសន្តិភាព៕
ប្រែសម្រួល ឈូក បូរ៉ា
