ព័ត៌មានអន្តរជាតិ

លោក​ Trump បដិសេធមិនធ្វើការបង្ហាញ អំពីផែនការ របស់លោកចំពោះអ៊ីរ៉ង់

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតរុស្សី RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងមិនចែករំលែកផែនការ របស់គាត់សម្រាប់ការដោះស្រាយជាមួយអ៊ីរ៉ង់ សូម្បីតែជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់អាមេរិកនៅក្នុងតំបន់ក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធយោធាលើទីក្រុងតេហរ៉ង់ក៏ដោយ ភាគីទាំងពីរបានបង្ហាញថា បណ្តាញទំនាក់ទំនងការទូតនៅតែបើកចំហ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិកបានបញ្ជូននូវអ្វីដែលលោក Trump បានពិពណ៌នាថាជា អាវុធដ៏ធំ និង ដ៏ស្រស់ស្អាត ទៅកាន់តំបន់ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ក្នុងគោលបំណងដាក់សម្ពាធទីក្រុងតេហរ៉ង់ ឱ្យទទួលយកការទាមទាររបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

នៅពេលសួរនៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅថ្ងៃសៅរ៍ថាតើគាត់បានជូនដំណឹងដល់សម្ព័ន្ធមិត្តឈូងសមុទ្រពែរ របស់ទីក្រុងវ៉ាស៊ីនតោនអំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកដែលអាចកើតមាន ឬយ៉ាងណានោះ Trump បានកត់សម្គាល់ថាការលាតត្រដាង ព័ត៌មានលម្អិតអាចធ្វើឱ្យខូចដល់ការរំពឹងទុក នៃដំណោះស្រាយដោយសន្តិវិធី។

យ៉ាងណាក្តីទីក្រុងតេហរ៉ង់ក៏បានផ្តល់សញ្ញាថា កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ប្រហែលជានៅតែអាចធ្វើទៅបានដែរ។ ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ លោក Ali Larijani ដែលបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំងកាលពីថ្ងៃមុន បាននិយាយថា វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើងឆ្ពោះទៅរកការចរចា៕

ប្រែសម្រួល៖ស៊ុនលី

To Top