ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់​ ព្រមានអំពីជម្លោះក្នុងតំបន់​ ប្រសិនបើអាមេរិកចាប់ផ្តើមសង្គ្រាម

តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឧ្យដឹងថា​ ប្រសិនបើសហរដ្ឋអាមេរិក​ ចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ វានឹងជាសង្គ្រាមក្នុងតំបន់។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងតេអេរ៉ង់ ខណៈដែលភាពតានតឹងនៅតែខ្ពស់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការកសាងយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់អាស៊ីខាងលិច។

លោក Khamenei បានលេីកឡេីងថា អ៊ីរ៉ង់នឹងមិនចាប់ផ្តើមសង្គ្រាមនោះទេ ហើយមិនស្វែងរកការវាយប្រហារប្រទេសណាមួយឡើយ “ប៉ុន្តែប្រជាជនអ៊ីរ៉ង់​ នឹងវាយប្រហារយ៉ាងខ្លាំងទៅលើ អ្នកដែលស្វែងរកការវាយប្រហារ និងយាយីពួកគេ”។

លោកបានសង្កត់ធ្ងន់ថា “ជនជាតិអាមេរិកគួរតែដឹងថា ប្រសិនបើសង្គ្រាមមួយត្រូវបានចាប់ផ្តើម លើកនេះ វានឹងក្លាយជាសង្គ្រាមក្នុងតំបន់”។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ដថា «កងនាវាចម្បាំងដ៏ធំមួយ» ដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយព្រមានថា «ពេលវេលាជិតអស់ហើយ» សម្រាប់ទីក្រុងតេអេរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top