ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ត្រង់​ស្វូរ​ម៉ាទ័រ ដែល​”ផលិតដោយ​ប្រទេសចិន” បាន​ជំរុញប្រព័ន្ធ​គណនា​សកល

បច្ចុប្បន្ននេះ កិច្ច​ការកសាង​ប្រព័ន្ធ​គណនាបញ្ញា​សិប្បនិម្មិតសកល​បាន​ឈាន​ចូល​ដំណា​ក់​កាល​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ផុល​ផុស ការផ្គត់ផ្គង់ថាមពលអគ្គិសនី​ដែលមានថាមពលខ្ពស់ និង​មានស្ថេរភាពខ្ពស់បានក្លាយជា”ខ្សែជីវិត”នៃប្រព័ន្ធ​គណនា ហើយត្រង់​ស្វូរ​ម៉ាទ័រ (Trans​for​mers)​នៃ​ឧបករណ៍​ថាមពល​អគ្គិសនី​កំពុងត្រូវបានលើក​កម្ពស់ជា​លំដាប់​ថ្នាក់ ដើម្បីក្លាយជា​ស្នូល​នៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ​គណនា​។ អ្នក​សារ​ព័ត៌មាន​បាន​ចុះ​សិក្សា​​និង​ស្វែង​យល់​ការ​ងារ​នៅក្នុងខេត្តក្វាងទុង និងជាំងស៊ូជា​ដើម​នៃប្រទេសចិនដោយ​បានរក​ឃើញ​ថា រោង​ចក្រ​ផលិ​ត​ត្រង់​ស្វូរ​ម៉ាទ័រជាច្រើនកំពុងដំណើរ ការពេញសមត្ថភាព រួចហើយ ក្នុង​នោះដែរ រោង​ច្រក​មួយ​ចំនួន​មានការបញ្ជាទិញពី​មជ្ឈមណ្ឌលទិន្នន័យត្រូវបានកក់រហូតដល់ឆ្នាំ ២០២៧ ។

ការកើន​ឡើង​យ៉ាងផុល​ផុស​ នៃមជ្ឈមណ្ឌលប្រព័ន្ធ​គណនាបញ្ញា​សិប្បនិម្មិត​សកល ​បាន​ធ្វើឱ្យត្រង់​ស្វូរ​ម៉ាទ័រក្លាយជាធនធានដ៏កម្រ។ លោកស្រី​Li Xia អ្នកទទួល​ខុស​ត្រូវ​ផ្នែក​ទីផ្សារ នៃក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនីមួយក្នុងទីក្រុង Foshan ខេត្តក្វាងទុង បាន​ថ្លែង​ថា នាពេលបច្ចុប្បន្នមានការ បញ្ជាទិញច្រើនណាស់​​ យើង​រំពឹង​ថា ​ ​ប្រាក់​ចំណូល​ពីក្រៅប្រទេសនឹងកើនឡើង ដល់៥០​% ឬច្រើនជាងនេះ ។
យោងតាមទិន្នន័យបានបង្ហាញថា ក្នុងវិស័យ​ត្រង់​ស្វូរ​ម៉ាទ័រ មាន​សហគ្រាស​ពាក់ព័ន្ធ​​ប្រមាណ​៣០០០​សហ​គ្រា​ស ​នៅក្នុងប្រទេសចិន។ នៅឆ្នាំ ២០២៥ ទំហំ​សរុបនៃការនាំចេញ​ត្រង់​ស្វូរ​ម៉ាទ័ររបស់ប្រទេសចិនបានឈានដល់៦៤,៦ពាន់លានយាន់​ប្រាក់​ចិន ដែលកើនឡើងជិត ៣៦%​បើប្រៀបធៀប​នឹងឆ្នាំ ២០២៤។

លោក Cai Yiqing អគ្គលេខាធិការ​សាខា​បរិក្ខារ​​អគ្គិសនី​នៃសហព័ន្ធ​ថាម​ពល​អគ្គិ​សនី​ប្រទេស​ចិនបានលើកឡើង​ថា ប្រទេសចិនបានក្លាយជា​ប្រទេស​ផលិតត្រង់​ស្វូរ​ម៉ាទ័រ​ធំ​ជាងគេបំផុតលើ​ពិភពលោក ដែល​បានកសាង​រួចរាល់​នូវ​ប្រព័ន្ធផលិត​ត្រង់​ស្វូរ​ម៉ាទ័រ​ដ៏​ពេញ​លេញ​បំផុតនៅ​លើ​ពិភពលោក និងមាន​កម្លាំង​ជាក់​ស្តែង​ដែល​ប្រកប​ដោយ​ភាពស្វ័យ​ម្ចាស់​ការ ​និង​អាច​គ្រប់​គ្រង​បាន​លើខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ដែល​មានសមត្ថភាពផលិត​ប្រហែល​៦០​% នៃចំនួនសរុបទូទាំងពិភពលោក។
នៅពីក្រោយការកើនឡើងយ៉ាង​ខ្លាំង​នៃការបញ្ជាទិញត្រង់​ស្វូរ​ម៉ាទ័រ​គឺជាការកើនឡើង​គួរ​ឱ្យកត់សម្គាល់នៃការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ប្រព័ន្ធ​គណនា។ បច្ចុប្បន្ននេះ ការ​កសាង​មជ្ឈមណ្ឌលប្រព័ន្ធ​គណនា ​និង​ចង្កោម​កុំព្យូទ័រទំនើបៗ​នៃ​ប្រទេសចិន​កំពុង​បង្កើន​ល្បឿន​ដោយ​គ្រប់​ជ្រុង​ជ្រោយ ក្រៅ​ពី​នេះ គម្រោង​ដែល​តំបន់​ភាគ​ខាង​លិច​នាំ​ចូល​តម្រូវ​ការ​ខាង​ប្រព័ន្ធ​គណនា​ពី​តំបន់​ខាង​កើត​ត្រូវ​បាន​ជំរុញ​យ៉ាង​ស៊ី​ជម្រៅ ។ ក្នុង​នាម​ជា​”បេះ​ដូង”​នៃថាមពល​អគ្គិសនី ត្រង់​ស្វូរ​ម៉ាទ័រ​បាន​ទទួល​ភារកិច្ច​ជាទម្ងន់ ។ នៅខេត្ត​ក្វាងទុង នៅ​ឆ្នាំ​២០២៥ ការ​ប្រើប្រាស់អគ្គិសនីនៃ​មជ្ឈមណ្ឌលទិន្នន័យរបស់ខេត្ត​ទាំង​មូល​បាន​កើន​ឡើង​ជិត៣០​%បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៤ ក្នុង​នោះដែរ ល្បឿន​កំណើន​នៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​នៃប្រព័ន្ធ​គណនា​Shaoguanបាន​​លើសពី៥០​%ក្នុង​រយៈពេលជាច្រើនខែជាប់ៗគ្នា។

ស្រប​ពេល​គម្រោង​ដែល​តំបន់​ភាគ​ខាង​លិច​នាំ​ចូល​តម្រូវ​ការ​ខាង​ប្រព័ន្ធ​គណនា​ពី​តំបន់​ខាង​កើត​ត្រូវ​បាន​ជំរុញ​យ៉ាង​ស៊ី​ជម្រៅ សួន​ឧស្សាហកម្ម​ប្រព័ន្ធ​គណនា​ជា​ច្រើន​ត្រូវ​បាន​បង្កើតឡើងយ៉ាងមមាញឹក​នៅទូទាំងប្រទេសចិន។ នៅឆ្នាំ២០២៥ ទំហំទីផ្សារត្រង់​ស្វូរ​ម៉ាទ័រ​ក្នុង​ប្រទេស​ចិន​បានកើនឡើងជាង២០​%បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៤​ ទន្ទឹមនឹងការ​បញ្ជា​ទិញប្រព័ន្ធ​គណនា​បញ្ញា​សិប្បនិម្មិត​និងផលិតផល​កម្រិតខ្ពស់​ដែលទាក់ទង​នឹង​វ៉ុលខ្ពស់​ខ្លាំង​(Ultra High Voltage)​មានចំនួនជាង៣៥​% ដែលបាន​ក្លាយជាក្បាល​ម៉ាស៊ីន​ស្នូល​នៃ​កំណើនឧស្សាហកម្ម។

ចង្កោមកុំព្យូទ័រទំនើបAIមានតម្រូវការខ្ពស់សម្រាប់គុណភាពផ្គត់ផ្គង់ថាមពលអគ្គិសនី ហើយ​ឧស្សាហកម្មត្រង់​ស្វូរ​ម៉ាទ័រ​របស់ប្រទេសចិន​ក៏កំពុង​ពឹង​ផ្អែក​លើ​ឧត្តមភាព​នៃ​បច្ចេក​វិទ្យា​ស្នូលរបស់ខ្លួន​ដើម្បីដណ្តើមយកចំណែកនៃទីផ្សារប្រព័ន្ធ​គណនា​សកលផងដែរ​។

លោកMa Yongអនុប្រធានវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាបញ្ជូននិង​ចែក​ចាយ​អគ្គិ​សនី​នៃ​បណិ្ឌត្យ​សភា​វិទ្យាសាស្ត្រ​អគ្គិសនីខេត្ត​Jiangsuបានថ្លែងថា បច្ចេកវិទ្យា​ត្រង់​ស្វូរ​ម៉ាទ័រ​របស់​ប្រទេសចិន​ជាប់​ចំណាត់​ថ្នាក់​ឈានមុខគេលើពិភពលោក។ ក្រុម​ហ៊ុនចិ​ន​បន្តជំរុញ​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ឧស្សាហកម្ម​នេះ​ឆ្ពោះទៅរកទិស​ដៅភាព​វៃឆ្លាតខ្ពស់ ការខាត​បង់​កម្រិតទាប ​និងមាន​ទំហំកាន់​តែ​តូច៕

To Top