សភាអ៊ីរ៉ង់ ចាត់ទុកកងទ័ពអឺរ៉ុបថា ជាក្រុមភេរវករ ក្នុងវិធានការតបត
តេអេរ៉ង់៖ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានឧ្យដឹងថា ប្រទេសរបស់លោកចាត់ទុកកង ទ័ពសហភាពអឺរ៉ុបថាជាក្រុមភេរវករ។
លោកបានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការកំណត់ របស់សហភាពអឺរ៉ុប ចំពោះកងឆ្មាំបដិវត្តន៍អ៊ីស្លាម ជាអង្គការភេរវកម្ម កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ICANA ដែលមានទំនាក់ទំនង ជាមួយស្ថាប័ននីតិប្បញ្ញត្តិអ៊ីរ៉ង់។
លោក Ghalibaf បានលេីកឡេីងថា «ផលវិបាកនៃសកម្មភាពនេះនឹងត្រូវទទួលដោយសហភាពអឺរ៉ុប»។ លោកបានពិពណ៌នាអំពីចលនារបស់សហភាពអឺរ៉ុបថា «គ្មានការទទួលខុសត្រូវ» ដោយសង្កត់ធ្ងន់ថា វាត្រូវបានធ្វើឡើងស្របតាមបញ្ជារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ីស្រាអែល។
លោកបានបន្ថែមថា ការចោទប្រកាន់ «គ្មានមូលដ្ឋាន» ប្រឆាំងនឹងកងឆ្មាំបដិវត្តន៍នឹងធ្វើឱ្យតួនាទីរបស់អឺរ៉ុប នៅក្នុងសណ្តាប់ធ្នាប់ពិភពលោក នាពេលអនាគតថយចុះ៕
ប្រែសម្រួល ឈូក បូរ៉ា
