ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គ្រោងនឹងបន្ថយពន្ធនាំចូលលើទំនិញ ពីប្រទេសឥណ្ឌាពី ២៥ភាគរយ មកត្រឹម១៨ភាគរយវិញ ជាថ្នូរនឹងឥណ្ឌាយល់ព្រមឈប់ ទិញប្រេងពីរុស្ស៊ី

" "

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទថា លោកមានគម្រោងបន្ថយពន្ធ នាំចូលលើទំនិញពីប្រទេសឥណ្ឌាពី២៥ភាគរយមកត្រឹម ១៨ភាគរយវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានយល់ព្រមឈប់ទិញប្រេងពីរុស្ស៊ី។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ចលនានេះកើតឡើងបន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យឥណ្ឌាកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃថោកអស់រយៈពេលជាច្រើនខែ។ ឥណ្ឌាបានទាញយកអត្ថប្រយោជន៍ ពីតម្លៃប្រេងរបស់រុស្ស៊ីដែលបានធ្លាក់ចុះ ខណៈដែលពិភពលោកភាគច្រើន បានព្យាយាមធ្វើឱ្យទីក្រុងមូស្គូឯកោ ចំពោះការឈ្លានពានអ៊ុយក្រែន របស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។

" "

លោក ត្រាំ បាននិយាយថា ឥណ្ឌាក៏នឹងចាប់ផ្តើមកាត់បន្ថយពន្ធនាំចូលរបស់ខ្លួនលើទំនិញអាមេរិកមកត្រឹមសូន្យ និងទិញផលិតផលអាមេរិកដែលមានតម្លៃ ៥០០ ពាន់លានដុល្លារផងដែរ។

" "

លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះ Truth Social ដោយប្រកាសពីការកាត់បន្ថយពន្ធលើប្រទេសឥណ្ឌាថា “នេះនឹងជួយបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ដែលកំពុងកើតឡើងនៅពេលនេះ ដោយមនុស្សរាប់ពាន់នាក់ បានស្លាប់ជារៀងរាល់សប្តាហ៍!”។

លោក ម៉ូឌី បានបង្ហោះនៅលើ X ថា លោក “រីករាយ” ចំពោះការកាត់បន្ថយពន្ធដែលបានប្រកាស ហើយថា “ភាពជាអ្នកដឹកនាំរបស់លោក ត្រាំ គឺមានសារៈសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសកល”៕
ប្រែសម្រួលៈ ណៃ តុលា

To Top