នាយករដ្ឋមន្ត្រី ហ្គ្រីនឡែន អះអាងថា សម្ពាធជាបន្ដបន្ទាប់របស់អាមេរិក ជារឿងមិនអាចទទួលយកបាន
អូស្លូ៖ នាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Jens-Frederik Nielsen បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះ «គោលបំណងមើលងាយ និងបំបែកបំបាក់» របស់ខ្លួន ចំពោះហ្គ្រីនឡែន ហេីយបានអះអាងថា សម្ពាធជាបន្ដបន្ទាប់របស់អាមេរិក ជារឿងមិនអាចទទួលយកបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយមុនសម័យប្រជុំបន្ទាន់របស់សភាហ្គ្រីនឡែន លោក Nielsen ក៏បានបញ្ជាក់ជាថ្មីផងដែរថា សម្ពាធជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិកលើហ្គ្រីនឡែនគឺ «មិនអាចទទួលយកបាន» នោះទេ។
លោកនាយករដ្ឋមន្ត្រីបានលេីកឡេីងថា ហ្គ្រីនឡែន បានប្រឈមមុខនឹងស្ថានភាពលំបាកក្នុងរយៈពេល ១៤ខែកន្លងមកនេះ ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ដដែលៗ របស់សហរដ្ឋអាមេរិក រួមទាំងសេចក្តីថ្លែងការណ៍ថ្មីៗ ទាក់ទងនឹងចេតនារបស់ខ្លួន ក្នុងការទិញយកកោះហ្គ្រីនឡែន។
ខណៈពេលដែលលទ្ធភាព នៃការដណ្តើមយកដោយយោធា ត្រូវបានបដិសេធថ្មីៗនេះ សហរដ្ឋអាមេរិក នៅតែបន្តស្វែងរកការភ្ជាប់ទំនាក់ទំនងរបស់ហ្គ្រីនឡែន និងការគ្រប់គ្រងដោយសហរដ្ឋអាមេរិក។
លោក Nielsen បានចង្អុលបង្ហាញថា វោហាសាស្ត្របែបនេះ មិនត្រឹមតែមកពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីអ្នកធ្វើការសម្រេចចិត្តសំខាន់ៗផ្សេងទៀត របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផងដែរ ដោយបន្ថែមថា ពួកគេមាន «គោលបំណងមើលងាយ និងបំបែកបំបាក់» ចំពោះហ្គ្រីនឡែន និងប្រជាជនរបស់ខ្លួន។
ជាការឆ្លើយតប រដ្ឋាភិបាលកោះហ្គ្រីនឡែន បានប្រកាសពីការប៉ុនប៉ងទាំងនេះ «មិនអាចទទួលយកបាន» ហើយបានបញ្ជាក់ជាថ្មីថា ហ្គ្រីនឡែន គឺជាផ្នែកមួយ នៃព្រះរាជាណាចក្រដាណឺម៉ាក ៕
ប្រែសម្រួល ឈូក បូរ៉ា
