ចិននឹងបញ្ជូនមនុស្សយន្តរាងដូចមនុស្សដំបូងគេរបស់ពិភពលោក ទៅកាន់លំហអាកាស
បរទេស៖ ក្រុមហ៊ុនផលិតមនុស្សយន្តស្រដៀងនឹងមនុស្សរបស់ប្រទេសចិន EngineAI បានបង្ហាញផែនការដើម្បីបញ្ជូនមនុស្សយន្ត PM01 របស់ខ្លួនទៅកាន់លំហអាកាសតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អវកាសពាណិជ្ជកម្មមួយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាម CNEVPost បានឱ្យដឹងថា EngineAI បានប្រកាសនៅថ្ងៃទី ២៦ ខែមករាថា ខ្លួនបានសហការជាមួយក្រុមហ៊ុន Beijing Interstellar Human Spaceflight Technology ដើម្បីចាប់ផ្តើមកម្មវិធីនេះ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយថា បេសកកម្មអវកាសដាក់តម្រូវការខ្លាំងលើស្ថេរភាពរបស់មនុស្សយន្ត ការសម្របខ្លួនទៅនឹងបរិស្ថាន និងការសម្រេចចិត្តដោយស្វយ័តដោយសារតែលក្ខខណ្ឌក្រៅភពដ៏អាក្រក់។
ក្រុមហ៊ុននេះមានគម្រោងធ្វើការជាមួយ Interstellar ដើម្បីកែលម្អភាពជឿជាក់ និងសមត្ថភាពអនុវត្តភារកិច្ចរបស់មនុស្សយន្ត PM01 នៅក្នុងលំហអាកាស។
ក្រុមហ៊ុននេះបានបន្ថែមថា មនុស្សយន្តរាងដូចមនុស្សអាចមានសមត្ថភាពលើសពីមនុស្សក្នុងប្រតិបត្តិការអវកាសមួយចំនួន ឬកាត់បន្ថយហានិភ័យសម្រាប់ក្រុមមនុស្ស។ ទាំងនេះរួមមានការថែទាំខាងក្រៅនៃស្ថានីយ៍អវកាស ការរុករកបរិស្ថានដ៏គ្រោះថ្នាក់ និងភារកិច្ចត្រួតពិនិត្យរយៈពេលវែង នេះបើយោងតាមក្រុមហ៊ុន Interesting Engineering៕
ប្រែសម្រួលៈ ណៃ តុលា
