អ៊ីរ៉ង់ បដិសេធផែនការ បញ្ជូនសម្ភារៈ នុយក្លេអ៊ែរ ដែលចម្រាញ់រួច ទៅក្រៅប្រទេស
តេអេរ៉ង់៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ មិនមានបំណង បញ្ជូនសម្ភារៈនុយក្លេអ៊ែរ ដែលចម្រាញ់រួចរបស់ខ្លួនទៅកាន់ប្រទេស ណាមួយផ្សេងទៀតនោះទេ។
លោក Ali Bagheri Kani អនុប្រធានគោលនយោបាយការបរទេស នៅលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីការផ្តល់យោបល់ថ្មីៗ ដោយរុស្ស៊ី និងតួកគីថា ពួកគេអាចធ្វើជាម្ចាស់ផ្ទះ ឬដំណើរការអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។
សេចក្តីថ្លែងការណ៍នេះកើតឡើង ចំពេលមានសញ្ញាការទូតឡើងវិញ ពីទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ប្រទេសនេះកំពុងពិនិត្យឡើងវិញ នូវព័ត៌មានលម្អិត និងគ្រោងទូទៅនៃការចាប់ផ្តើមចរចា ជាមួយសហរដ្ឋអាមេរិក។
ដោយដកស្រង់ប្រភពពីរ ដែលមានចំណេះដឹង ប្រព័ន្ធផ្សព្វផ្សាយអនឡាញអាមេរិក Axios បានរាយការណ៍ថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅថ្ងៃសុក្រ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលអាចធ្វើទៅបាន។
ការវិវឌ្ឍទាំងនេះកើតឡើង បន្ទាប់ពីរយៈពេល នៃភាពតានតឹងផ្នែកយោធា កើនឡើងនៅអាស៊ីខាងលិច និងចង្អុលបង្ហាញពីកិច្ចខិតខំប្រឹង ប្រែងឡើងវិញ ដើម្បីរស់ឡើងវិញនូវកិច្ចចរចាការទូត៕
ប្រែសម្រួល ឈូក បូរ៉ា
