សហរដ្ឋអាមេរិក បាញ់ទំលាក់ដ្រូន របស់អ៊ីរ៉ង់ ក្នុងដែនទឹកអារ៉ាប់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធាអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ បន្ទាប់ពីដ្រូននេះ បានធ្វើការហោះហើរយ៉ាងគឃ្លើន ចូលទៅក្បែរនាវាផ្ទុកយន្តហោះ USS Abraham Lincoln ក្នុងដែនសមុទ្រអារ៉ាប់។

រ៉យទ័របានសរសេរដោយ ដកស្រង់សំដីយោធាអាមេរិកថា យន្តហោះគ្មានមនុស្សបើក Shahed-139 របស់អ៊ីរ៉ង់កំពុងហោះហើរឆ្ពោះ ទៅកាន់នាវាផ្ទុកយន្តហោះចម្បាំង របស់អាមេរិកដោយចេតនាមិនច្បាស់លាស់។
ឧបទ្ទវហេតុដែលត្រូវបានរាយការណ៍មកនេះ បានកើតឡើង នៅពេលដែល ក្រុមកងកម្លាំងទ័ព របស់សហរដ្ឋអាមេរិក ដឹកនាំដោយនាវា Abraham Lincoln កំពុងមានវត្តមាន នៅក្នុងតំបន់ ហើយកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីរៀបចំកិច្ចចរចា នុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងដំណើរការ។

អ្នកនាំពាក្យនៅបញ្ជាការកណ្តាល របស់យោធាអាមេរិក មេបញ្ជាការកងទ័ពជើងទឹក Tim Hawkins បានប្រាប់អ្នកកាសែត ៖ មិនមានជនជាតិអាមេរិកណាម្នាក់រងគ្រោះក្នុងឧបទ្ទវហេតុនោះទេ។យន្តហោះចម្បាំង F-35C ពី Abraham Lincoln បានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ក្នុងការការពារខ្លួន និងដើម្បីការពារនាវាផ្ទុក យន្តហោះ និងបុគ្គលិកនៅលើយន្តហោះ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នការចរចា រវាងក្រុមអាមេរិក និងអ៊ីរ៉ង់ត្រូវបានគ្រោង ទុកសម្រាប់ថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែទីក្រុងតេហរ៉ង់បាន ទាមទារឱ្យមានការផ្លាស់ប្តូរទីកន្លែង និងទម្រង់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
