ព័ត៌មានអន្តរជាតិ

រុស្ស៊ីអះអាងថា ខ្លួននាំចេញអាវុធបានចំណូល ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ទៅដល់ប្រទេសជាង៣០

" "

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីទទួលបានចំណូលជាង ១៥ ពាន់លានដុល្លារពីការនាំចេញអាវុធ ដោយផ្គត់ផ្គង់ ឧបករណ៍យោធាដល់ប្រទេសជាង ៣០ ទោះបីជាមានទណ្ឌកម្ម ពីលោកខាងលិច ដែលមានគោលបំណងធ្វើឱ្យទីក្រុងមូស្គូឯកោដោយសារតែការឈ្លានពាន អ៊ុយក្រែនក៏ដោយ ។

យោងតាមសារព័ត៌មាន Defense News ចេញផ្សាយ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ច ប្រជុំគណៈកម្មការស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសយោធានៅថ្ងៃទី ៣០ ខែមករា នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា កិច្ចសន្យានាំចេញត្រូវបាន “បំពេញដោយភាពជឿជាក់” ទោះបីជាមានសម្ពាធកើនឡើង ពីប្រទេសលោកខាងលិច ដែលព្យាយាមរារាំងភាពជាដៃគូការពារជាតិ របស់រុស្ស៊ីក៏ដោយ។

" "

លោកថា ប្រាក់ចំណូលនេះនឹងជួយធ្វើទំនើបកម្ម សហគ្រាសការពារជាតិ ពង្រីកសមត្ថភាពផលិតកម្ម និងផ្តល់មូលនិធិដល់កម្មវិធីស្រាវជ្រាវ។

" "

តួលេខ ១៥ ពាន់លានដុល្លារនេះ តំណាងឱ្យប្រភពចំណូលដ៏សំខាន់ សម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិ របស់រុស្ស៊ី ខណៈដែលប្រទេសនេះ បន្តសង្គ្រាមនៅអ៊ុយក្រែន ដែលឥឡូវនេះខិតជិត ដល់ឆ្នាំទីបួនរបស់ខ្លួន ។ ប្រាក់ចំណូលនេះអាចជួយទូទាត់ ផលប៉ះពាល់មួយចំនួន នៃទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច ទោះបីជានិរន្តរភាពរយៈពេលវែង នៃកម្រិតនាំចេញទាំងនេះ នៅតែមិនប្រាកដប្រជាក៏ដោយ ដោយសារតែការប្រើប្រាស់ទំនិញយោធា របស់ទីក្រុងមូស្គូកើនឡើង និងភាពឯកោផ្នែកការទូត ជាបន្តបន្ទាប់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top