ព័ត៌មានអន្តរជាតិ

​ កិច្ចចរចានុយក្លេអ៊ែរ រវាងអាមេរិក និងអ៊ីរ៉ង់​ ត្រូវបានគេរំពឹងថា​ នឹងធ្វើឡើង នៅប្រទេសអូម៉ង់​ នៅថ្ងៃសុក្រនេះ

" "

បរទេស៖ កិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅប្រទេសអូម៉ង់​ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បានប្រកាសពីការចាប់ផ្តើម នៃការសន្ទនា ហាក់ដូចជាមានក្តីសង្ឃឹមបន្តិចបន្តួច​ សម្រាប់ការបន្ធូរបន្ថយភាពតានតឹង​ ដែលបានគ្របដណ្ដប់លើមជ្ឈិមបូព៌ា អស់រយៈពេលជាច្រើនសប្តាហ៍។

" "

ទោះជាយ៉ាងណាក៏ដោយ ដោយសារទីក្រុងវ៉ាស៊ីនតោន​ បន្តពង្រឹងវត្តមានយោធារបស់ខ្លួន និងការរំពឹងទុក​ សម្រាប់ការចរចានៅតែមិនប្រាកដប្រជា ស្រមោលនៃជម្លោះនៅតែគ្របដណ្ដប់លើតំបន់នេះ។

" "

នៅយប់ថ្ងៃសៅរ៍ អ៊ីរ៉ង់ និង សហរដ្ឋអាមេរិកបានបញ្ជាក់ថា​ ពួកគេបានផ្តួចផ្តើមការសន្ទនា ដោយផ្តល់នូវការធូរស្រាល ដល់មនុស្សជាច្រើន ដែលបានថប់ដង្ហើមក្រោមភាពតានតឹង នៃការប្រឈមមុខដាក់គ្នារយៈពេលមួយសប្តាហ៍រវាងប្រទេសទាំងពីរ។

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X​ ឧ្យដឹងថា​ ការបង្កើតរចនាសម្ព័ន្ធ​ សម្រាប់ការចរចាកំពុងដំណើរការទៅមុខ។

ក្រោយមកនៅថ្ងៃនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា អ៊ីរ៉ង់កំពុង «ជជែកយ៉ាងម៉ឺងម៉ាត់» ជាមួយសហរដ្ឋអាមេរិក។

លោក ត្រាំ បានឧ្យដឹងថា​ “ខ្ញុំសង្ឃឹមថាពួកគេនឹងចរចាអ្វីមួយដែលអាចទទួលយកបាន​ យើងអាចធ្វើកិច្ចព្រមព្រៀង​ ដែលបានចរចាដែលនឹងពេញចិត្ត ដោយគ្មានអាវុធនុយក្លេអ៊ែរ ហើយពួកគេគួរតែធ្វើដូច្នេះ ប៉ុន្តែខ្ញុំមិនដឹងថាពួកគេនឹងធ្វើឬអត់ទេ”។

នៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ «យុត្តិធម៌ និងសមធម៌» ជាមួយសហរដ្ឋអាមេរិក​ នៅតែអាចសម្រេចបានក្នុងរយៈពេលខ្លី ដោយផ្តល់ថាទីក្រុងវ៉ាស៊ីនតោន​ បោះបង់ចោលគោលនយោបាយបង្ខិតបង្ខំរបស់ខ្លួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top