ព័ត៌មានអន្តរជាតិ

អង្គការណាតូ​ ចាប់ផ្តើមរៀបចំផែនការបេសកកម្ម “Arctic Sentry” ចំពេលមានជម្លោះនៅកោះ​ Greenland

ប្រ៊ុចសែល៖​ អង្គការណាតូ​ បានចាប់ផ្តើមផែនការយោធាសម្រាប់បេសកកម្ម “Arctic Sentry” ដើម្បីបង្កើនការប្រុងប្រយ័ត្ន ខណៈដែលភាពតានតឹងនៅតែបន្តកើតមានរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបលើកោះ​ Greenland។

មន្ត្រីណាតូម្នាក់បានប្រាប់កាសែតស៊ិនហួ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា “យើងអាចបញ្ជាក់បានថា ផែនការសម្រាប់ Arctic Sentry កំពុងដំណើរការ”។

មន្ត្រីរូបនេះក៏បានបញ្ជាក់ពីរបាយការណ៍មុននេះដោយដកស្រង់សម្តីលោក Martin O’Donnell អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាលកំពូលរបស់អង្គការណាតូ Allied Powers Europe ដែលបានឧ្យដឹងថា ផែនការបានចាប់ផ្តើមសម្រាប់ “Arctic Sentry” ដែលជាសកម្មភាពមួយដែលនឹងពង្រឹងជំហររបស់អង្គការណាតូ​ នៅក្នុងតំបន់អាកទិក និងតំបន់ខ្ពស់ភាគខាងជើង។

ចលនានេះកើតឡើងបន្ទាប់ពីការអត្ថាធិប្បាយម្តងហើយម្តងទៀតដោយប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ ថាលោកចង់ទទួលបានកោះ Greenland ដែលជាទឹកដីគ្រប់គ្រងដោយខ្លួនឯងនៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក ដែលបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងនៅទូទាំងអឺរ៉ុប។

លោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រី​នៃ​កោះ Greenland បាន​ឧ្យដឹង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សាជីវកម្ម​ផ្សព្វផ្សាយ​ដាណឺម៉ាក​ថា ទោះបីជា​មាន​ការបន្ត​កិច្ចចរចា​ការទូត​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​បំណងប្រាថ្នា​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ក្នុង​ការ​គ្រប់គ្រង​កោះ Greenland នៅតែ​មាន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top