សហភាពអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការគាំទ្រ ចំពោះកោះហ្គ្រីនឡែន និងដាណឺម៉ាក ចំពេលមានភាពមិនប្រាកដប្រជា
អូស្លូ៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះកោះហ្គ្រីនឡែន និងដាណឺម៉ាក ចំពេលមានភាពមិនប្រាកដប្រជា។
ថ្លែងនៅក្នុងសន្និសីទព្រំដែនអាកទិក ឆ្នាំ២០២៦ នៅទីក្រុងត្រូមសូ ប្រទេសន័រវេស លោកស្រី Kallas បានឧ្យដឹងថា ទោះបីជាភាពតានតឹងនៅហ្គ្រីនឡែន ទាបជាងកាលពីប៉ុន្មាន សប្តាហ៍មុនក៏ដោយ ក៏នៅតែមានភាពច្បាស់លាស់ តិចតួចអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ឬពេលណា ដែលជម្លោះបន្ទាប់អាចកើតឡើង។
លោកស្រី Kallas បានឧ្យដឹងថា “ខ្ញុំនឹងបញ្ជាក់ឡើងវិញនូវអ្វីដែលខ្ញុំបាននិយាយ ថាសហភាពអឺរ៉ុបឈរជាមួយហ្គ្រីនឡែន។ យើងឈរជាមួយរដ្ឋសមាជិករបស់យើង គឺប្រទេសដាណឺម៉ាក ហើយយើង ឈរដោយធម្មនុញ្ញអង្គការសហប្រជាជាតិ” ដោយបន្ថែមថាអនាគតរបស់ហ្គ្រីនឡែន គឺសម្រាប់ប្រជាជនហ្គ្រីនឡែន និងប្រទេសដាណឺម៉ាក សម្រេចចិត្ត។
រដ្ឋមន្ត្រីការបរទេសហ្គ្រីនឡែន លោកស្រី Vivian Motzfeldt ក៏បានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីទថា ហ្គ្រីនឡែន មិនមែនសម្រាប់លក់ទេ។ លោកស្រីបានលេីកឡេីងថា «ខ្សែបន្ទាត់ក្រហមបានបង្ហាញយ៉ាងច្បាស់ពីខាងយើង»៕
ប្រែសម្រួល ឈូក បូរ៉ា
