អ៊ីរ៉ង់ និងអាមេរិក នឹងបេីកកិច្ចចរចានៅអូម៉ង់ ចំពេលមានការបែកបាក់គ្នា និងការដាក់ចេញ នូវឥរិយាបថយោធា
គែរ៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចចរចានៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយបញ្ចប់ការមិនចុះសម្រុង គ្នាជាសាធារណៈជាច្រើនថ្ងៃ លើទីកន្លែង និងរបៀបវារៈ ដែលបានបង្ហាញពីភាពមិន ចុះសម្រុងគ្នាយ៉ាងជ្រៅរវាងភាគីទាំងពីរ។
នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកSeyyed Abbas Araghchi បានប្រកាសថា កិច្ចចរចានឹងធ្វើឡើង នៅទីក្រុង Muscat នៅម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុក ដោយថ្លែងអំណរគុណដល់ ភាគីអូម៉ង់សម្រាប់ “ការរៀបចំចាំបាច់ទាំងអស់”។
មិនយូរប៉ុន្មាន ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចជាច្រើនបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមធ្វើកិច្ចចរចា នៅថ្ងៃសុក្រ នៅប្រទេសអូម៉ង់ បន្ទាប់ពីត្រូវបានជំរុញដោយប្រទេសយ៉ាងហោចណាស់ចំនួន ៩ នៅមជ្ឈិមបូព៌ា។
ការប្រកាសនេះបានកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍មុននេះថា កិច្ចចរចាអាចត្រូវបាន លុបចោល ដោយសារតែការមិនចុះសម្រុងគ្នារបស់ភាគីទាំងពីរលើទីតាំង និងទម្រង់។
ភាគីទាំងពីរធ្លាប់បានព្រមព្រៀង គ្នាជួបគ្នានៅថ្ងៃសុក្រ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដោយមានប្រទេសមជ្ឈិមបូព៌ា មួយចំនួនទៀតចូលរួមជាអ្នកសង្កេតការណ៍៕
ប្រែសម្រួល ឈូក បូរ៉ា
