ព័ត៌មានអន្តរជាតិ

មីស៊ីលដឹកនាំតម្រង់គោលដៅជាក់លាក់រយៈចម្ងាយឆ្ងាយ នឹងត្រូវបំពាក់ទៅលើឧទ្ធម្ភាគចក្រ AH-1Z Viper របស់កងម៉ារីនអាមេរិកនៅឆ្នាំ២០២៧

បរទេស៖ មីស៊ីលដឹកនាំតម្រង់គោលដៅជាក់លាក់រយៈចម្ងាយឆ្ងាយ នឹងក្លាយជាសមត្ថភាពវាយប្រហារថ្មីសម្រាប់ឧទ្ធម្ភាគចក្រ AH-1Z Viper របស់កងម៉ារីនសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧, នេះបើតាមការប្រកាសរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Defense News ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់បញ្ជាការប្រព័ន្ធអាកាសកងទ័ពជើងទឹកថា កងទ័ពជើងទឹកបានផ្តល់កិច្ចសន្យាតម្លៃ ៨៦,២ លានដុល្លារដល់ក្រុមហ៊ុន L3Harris Technologies ដែលនឹងឃើញប្រព័ន្ធមីស៊ីល Red Wolf របស់ក្រុមហ៊ុនត្រូវបានផលិតសម្រាប់កម្មវិធី Precision Attack Strike Munition របស់កងម៉ារីន។

មីស៊ីលទាំងនេះ បូករួមទាំងសម្ភារៈបណ្តុះបណ្តាល និងសម្ភារៈគាំទ្រ ត្រូវបានផ្តល់ជូននៅចុងឆ្នាំសារពើពន្ធ ២០២៧។ ប្រព័ន្ធទាំងនេះនឹងអនុញ្ញាតឱ្យឧទ្ធម្ភាគចក្រវាយប្រហារកងម៉ារីនដែលហោះហើរនៅរយៈកម្ពស់ទាប អាចវាយប្រហារគោលដៅសមុទ្រទាំងមានចលនា និងមិនមែនចលនាពីចម្ងាយឆ្ងាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top