លោក ពូទីន សរសើរទំនាក់ទំនងជាមួយប្រទេសចិន អំឡុងពេលពិភាក្សាតាមទូរស័ព្ទជិត១ម៉ោងកន្លះ និងបានធានាដល់លោក ស៊ី នូវការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងអស់
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរទំនាក់ទំនង «គំរូ» របស់ប្រទេសរុស្ស៊ី ជាមួយប្រទេសចិន ក្នុងអំឡុងពេលសន្និសីទតាមវីដេអូជាមួយសមភាគីចិន ប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា មេដឹកនាំទាំងពីរបានជជែកគ្នាអស់រយៈពេលជិតមួយម៉ោងកន្លះ។ លោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី បានពិភាក្សាអំពីកិច្ចចរចាសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិករវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាការវិវត្តទាក់ទងនឹងអ៊ីរ៉ង់ វេណេស៊ុយអេឡា និងគុយបា។
លោក ពូទីន បាននិយាយថា «ភាពជាដៃគូទូលំទូលាយ និងអន្តរកម្មយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន គឺជាគំរូ»។
លោក ពូទីន បានកត់សម្គាល់ពីទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលដ៏រឹងមាំរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ចំណូលពាណិជ្ជកម្មទ្វេភាគីមានស្ថិរភាពក្នុងកម្រិតខ្ពស់ជាប់លាប់ លើសពី ២០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ លោកក៏បានសង្កត់ធ្ងន់លើជំហររបស់រុស្ស៊ីជាអ្នកផ្គត់ផ្គង់ធនធានថាមពលឈានមុខគេដល់ប្រទេសអាស៊ីផងដែរ។
លោក ពូទីន បានធានាដល់លោក ស៊ី នូវការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងអស់ ដើម្បីធានាបាននូវអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងពីរ វិបុលភាពសេដ្ឋកិច្ច និងសិទ្ធិក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ផ្ទាល់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
