រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចាជុំទី២ ដែលសម្របសម្រួលដោយអាមេរិក នៅទីក្រុងអាប៊ូដាប៊ី
អាប៊ូដាប៊ី៖ សមាជិកម្នាក់នៃគណៈប្រតិភូអ៊ុយក្រែនបានឧ្យដឹងថា កិច្ចចរចាជុំទីពីរដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមនៅទីក្រុងអាប៊ូដាប៊ី។
លោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram ថា “ដំណាក់កាលបន្ទាប់នៃការចរចានៅទីក្រុងអាប៊ូដាប៊ី បានចាប់ផ្តើមហើយ”។
យោងតាមលោក Umerov ដែលក៏ជាសមាជិកនៃគណៈប្រតិភូអ៊ុយក្រែនផងដែរ ដំណើរការចរចាបានចាប់ផ្តើមក្នុង “ទម្រង់ត្រីភាគី” ដែលពាក់ព័ន្ធនឹងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី។
លោកបានលេីកឡេីងថា “បន្ទាប់មក ការងារនឹងត្រូវបានអនុវត្តជាក្រុមដាច់ដោយឡែកពីគ្នា បន្ទាប់ពីនោះ ការធ្វើសមកាលកម្មរួមគ្នាម្តងទៀតនៃជំហរត្រូវបានគ្រោងទុក”។
មន្ត្រីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា គណៈប្រតិភូកំពុងធ្វើការដើម្បី “សម្រេចបាននូវសន្តិភាពដ៏ថ្លៃថ្នូរ និងយូរអង្វែង”។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួមបានឧ្យដឹងថា ការរៀបចំកិច្ចចរចាឆ្លុះបញ្ចាំងពីទំនាក់ទំនងមានតុល្យភាពរបស់ខ្លួនជាមួយភាគីទាំងបី និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិលើតួនាទីរបស់ប្រទេសក្នុងការសម្របសម្រួលការសន្ទនា និងបង្កើតបរិយាកាសអំណោយផល សម្រាប់ការចរចាប្រកបដោយស្ថាបនា៕
ប្រែសម្រួល ឈូក បូរ៉ា
