លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក
នៅយប់ថ្ងៃទី ៤ ខែកុម្ភៈ លោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានរក្សាទំនាក់ទំនងដ៏ល្អប្រសើរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងចិន-អាមេរិក។ នៅឆ្នាំថ្មី ខ្ញុំមានឆន្ទៈធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបន្តដឹកនាំនាវានៃទំនាក់ទំនងចិន-អាមេរិកបរកាត់ព្យុះភ្លៀង និងធ្វើដំណើរទៅមុខយ៉ាងរលូន។ យើងគួរធ្វើរឿងសំខាន់ៗ និងរឿងល្អៗឱ្យកាន់តែច្រើន។
ភាគីទាំងពីរគួរអនុវត្តតាមគំនិតឯកភាពរួមរវាងខ្ញុំនិងលោក ដើម្បីពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង គ្រប់គ្រងការខ្វែងគំនិតឱ្យបានសមរម្យ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង កសាងទំនុកចិត្តគ្នាជាបន្តបន្ទាប់ និងដើរតាមផ្លូវរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវ ដើម្បីធ្វើឱ្យឆ្នាំ ២០២៦ ក្លាយទៅជាឆ្នាំមួយដែលប្រទេសធំទាំងពីរចិននិងសហរដ្ឋអាមេរិកឆ្ពោះទៅរកការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាននិងសុខដុមនីយកម្ម និងមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក។ តំបន់តៃវ៉ាន់គឺជាទឹកដីរបស់ចិន។ សហរដ្ឋអាមេរិកត្រូវតែដោះស្រាយបញ្ហាលក់អាវុធទៅឱ្យតៃវ៉ាន់ដោយមធ្យ័តបំផុត។
ជាការឆ្លើយតប លោកត្រាំបានថ្លែងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក។ ក្រោមការដឹកនាំរបស់លោកនិងខ្ញុំ សហរដ្ឋអាមេរិកនិងចិនរក្សាអន្តរកម្មដ៏វិជ្ជមាននៅក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងវិស័យផ្សេងទៀត។ ខ្ញុំរីករាយមើលឃើញពីភាពជោគជ័យរបស់ប្រទេសចិន ហើយសហរដ្ឋអាមេរិកមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានវិវឌ្ឍនភាពថ្មីៗ។
ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការកង្វល់របស់ប្រទេសចិនលើបញ្ហាតៃវ៉ាន់ ហើយមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាមួយប្រទេសចិន ដើម្បីឱ្យទំនាក់ទំនងអាមេរិក-ចិនមានស្ថិរភាពល្អក្នុងអាណត្តិរបស់ខ្ញុំ៕
