ព័ត៌មានអន្តរជាតិ

បទវិភាគ៖ នៅឆ្នាំ ២០២៦ ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន នឹងចេញដំណើរឆ្ពោះទៅមុខម្តងទៀត

ការធ្វើបរិវត្តកម្មជាយុទ្ធសាស្ត្រនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក្នុងឆ្នាំ ២០២៦ កំពុងបង្កើនល្បឿនឆ្ពោះទៅមុខ ។ មន្រ្តីក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបានប្រារព្ធធ្វើនាពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមិនត្រឹមតែជា “រោងចក្រពិភពលោក” ប៉ុណ្ណោះទេ ថែមទាំងកាន់តែមានឆន្ទៈក្លាយជា “ទីផ្សាររបស់ពិភពលោក” ផងដែរ ។ នៅពីក្រោយការបង្ហាញជំហរបែបនេះ គឺជាការកែប្រែយ៉ាងជ្រាលជ្រៅដែលពាណិជ្ជកម្មអន្តរជាតិ របស់ប្រទេសចិនកំពុងប្រឈមមុខ ។

នៅខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយចិនបានប្រកាសទិន្នន័យឱ្យដឹងថា យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញថា នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសចិនបានឈានដល់ ៤៥,៤៧ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលបន្តរក្សាថានៈជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញនៅទូទាំងពិភពលោក ។

ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន ឯកតោភាគីនិយមនិងគាំពានិយមបានងើបឡើងវិញ ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនទទួលបានលទ្ធផលបែបនេះ គឺ មិនងាយទេ ។ បើពិនិត្យមើលពី “តារាងពិន្ទុ” ឱ្យបានលម្អិត អាចឃើញពីលក្ខណៈពិសេសយ៉ាងច្បាស់លាស់ ពោលគឺ មានទ្រង់ទ្រាយកាន់តែធំ មានគុណភាពកាន់តែខ្ពស់និងមានលក្ខណៈពិសេសខាងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះកាន់តែខ្លាំងក្លា ។

ប្រទេសចិនសម្រេចបាននូវកំណើនជាមួយប្រទេស និងតំបន់យ៉ាងហោចណាស់ចំនួន៦០ ភាគរយនៅរាល់មហាទ្វីប ដោយឡែកការនាំចេញនាំចូលជាមួយអាស៊ានបានបំបែក១ ទ្រីលានដុល្លារអាមេរិក ចំណែកឯទ្វីបអឺរ៉ុបវិញ ចិនបាននាំចូលពីអឺរ៉ុបនូវគ្រឿងសំអាងចំនួនលើសពី ៥០ ភាគរយនិងរថយន្តចំនួនជិត ៦០ ភាគរយ ។ល។ បើមើលពីទំហំទឹកប្រាក់អាចឃើញថា នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសចិនបានឈានដល់ ៤៥,៤៧ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤១,១ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ។ លើសពីនេះទៅទៀត “ក្រុមមិត្តភកិ្ត”ក៏កាន់តែធំឡើងៗ ។ នៅឆ្នាំ ២០២៥ ប្រទេសចិនបានធ្វើពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង ២៤០ ហើយសមេ្រចបាននូវកំណើននៃការនាំចេញ-នាំចូលជាមួយប្រទេសនិងតំបន់ចំនួនជាង ១៩០ ។

ទំហំនៃការកើនឡើងដ៏សមហេតុផលនេះ គឺបានមកពីមានការលើកកម្ពស់គុណភាពប្រកបដោយប្រសិទ្ធភាព ។ នៅឆ្នាំ ២០២៥ ការនាំចេញ-នាំចូលផលិតផលបច្ចេកទេសខ្ពស់របស់ប្រទេសចិនបានពន្លឿនកំណើនចំនួន ១១,៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ អត្រារួមចំណែកដល់កំណើនពាណិជ្ជកម្មអន្តរជាតិសរុបមានចំនួនជិត ៦០ ភាគរយ ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានផលិតផលថ្មីកាន់តែច្រើនឡើងៗ ។

ដោយឡែក ការនាំចេញផលិតផលបៃតង ដូចជា”ផលិតផលថ្មីទាំងបី”(រថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធ PV )និងក្រុមម៉ាស៊ីនអគ្គិសនីដើរដោយថាមពលខ្យល់ជាដើម បានកើនឡើង ២៧,១ ភាគរយនិង ៤៨,៧ ភាគរយដោយឡែកពីគ្នា ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានផលិតផលបៃតងកាន់តែច្រើនឡើងៗ ។ ស្របពេលដែលបច្ចេកទេសបញ្ញាសិប្បនិមិ្មតទទួលបានការអភិវឌ្ឍយ៉ាងផុលផុស មនុស្សយន្តលើកដាក់ទំនិញនិងមនុស្សយន្តផ្សារដែកដែលផលិតដោយប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ក្នុងកិច្ចកសាងគម្រោងធំៗនៅបរទេសនិងលើកកម្ពស់ជាបន្តបន្ទាប់នូវភាពវៃឆ្លាតកាន់តែច្រើនឡើងៗសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ចិន ។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានលក្ខណៈពិសេសស្តីពី"កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ"កាន់តែខ្លាំងឡើងៗ ។ បើមើលពីអង្គភាពសេដ្ឋកិច្ចនីមួយៗអាចឃើញថា នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មកំពូលទាំង ១០ ត្រូវជា ៤៧,៧ ភាគរយក្នុងទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន បានតិចជាង ២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ។ នេះមានន័យថា ពាណិជ្ជកម្មអន្តរជាតិរបស់ចិនកាន់តែមានតុល្យភាព ពោលគឺ "ដៃគូនីមួយៗសុទ្ធតែទទួលបានផលប្រយោជន៍និងទទួលបានសុខដុមនីយកម្មរួម" ។

យ៉ាងណាមិញ «របាយការណ៏ស្តីពីទស្សនវិស័យពាណិជ្ជកម្មពិភពលោក» ថ្មីបំផុតដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មពិភពលោក បានសម្រួលបញ្ចុះយ៉ាងខ្លាំងនូវការព្យាករណ៍ចំពោះល្បឿនកំណើន នៃទំហំពាណិជ្ជកម្មទំនិញសកលនៅឆ្នាំ ២០២៦ឱ្យមកនៅត្រឹម ០,៥ ភាគរយ ។

បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅដែលប្រទេសចិនកំពុងប្រឈមមុខនៅតែមានបម្រែបម្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ កាលានុវត្តភាពជាយុទ្ធសាស្ត្រនិងហានិភ័យ និងបញ្ហាប្រឈមស្ថិតមានជាមួយគ្នា ហើយកត្តាមិនប្រាកដប្រជានៅមានច្រើនដដែល។

ទន្ទឹមនឹងនេះ យើងក៏ត្រូវមើលឃើញថា សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ឧត្តមភាពជាច្រើន ភាពធន់ខ្លាំងនិងមានសក្តានុពលធំ ដូច្នេះ ការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិនៅតែមានលក្ខណសម្បតិ្តអំណោយផលជាច្រើនដដែល ។

នៅឆ្នាំ ២០២៦ រដ្ឋាភិបាលចិននឹងផ្តោតលើគោលដៅស្តីពីការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មីនិងការលើកកម្ពស់គុណភាពនិងបង្កើនប្រសិទ្ធភាព ផ្តោតសំខាន់ទៅលើការជំរុញសមាហរណកម្មពាណិជ្ជកម្មនិងវិនិយោគ ពូនជ្រំកម្លាំងចលករថ្មីខាងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាលំនឹងនិន្នាការពាណិជ្ជកម្មអន្តរជាតិ ជាទូទៅដោយពេញទំហឹងដើម្បីរួមចំណែកជាកម្លាំង សម្រាប់ការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៥ ។

ទីមួយគឺ ត្រូវពន្លឿនការធ្វើបរិវត្តកម្មឌីជីថល ជំរុញការអភិវឌ្ឍវិស័យថ្មីដូចជាធុរកិច្ចអេឡិចត្រូនិចឆ្លងដែន និងការបង្កើតឃ្លាំងនៅក្រៅប្រទេសជាដើមដើម្បីលើកកម្ពស់ កម្រិតភាពងាយស្រួលលើវិស័យពាណិជ្ជកម្ម ។ ទីពីរគឺ ត្រូវធ្វើឱ្យប្រសើរឡើងនូវនិម្មាបនកម្មនៃទីផ្សារអន្តរជាតិ ខណៈពេលដែលពង្រឹងទីផ្សារប្រពៃណីក៏ត្រូវពង្រឹង និងពង្រីកយ៉ាងខ្លាំងក្លានូវទីផ្សារតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” និងទីផ្សារងើបឡើងថ្មីដែរ ។ ត្រូវបង្កើនកម្លាំងគាំទ្រដល់សហគ្រាសឱ្យចូលរួមពិព័រណ៍នៅក្រៅប្រទេស និងរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មអន្តរជាតិ ដើម្បីជួយសហគ្រាសឱ្យលើកកម្ពស់សមត្ថភាពត្រួសត្រាយទីផ្សាររបស់ខ្លួន ។

ទីបីគឺ ត្រូវបង្កើនការកសាងម៉ាកយីហោនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា លើកទឹកចិត្តដល់ការនាំចេញផលិតផលប្រកបដោយតម្លៃបន្ថែមខ្ពស់និងបង្កើនសមត្ថភាពដែលប្រកបដោយស្វ័យម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ឧស្សាហកម្ម ។

ទីបួនគឺត្រូវធ្វើឱ្យប្រព័ន្ធសេវាកម្មពាណិជ្ជកម្មអន្តរជាតិ មានសុក្រឹតភាពដើម្បីជួយសហគ្រាសឱ្យពុះពារឧបសគ្គ និងដោះស្រាយការលំបាក់តាមរយៈវិធានការមានដូចជាការគាំទ្រខាងហិរញ្ញវត្ថុ និងបង្ការហានិភ័យជាដើម ។

ទីប្រាំគឺ ត្រូវជំរុញការអភិវឌ្ឍប្រកបដោយតុល្យភាពនៃការនាំចូលនិងនាំចេញ កសាងម៉ាកយីហោក្រោមប្រធានបទ”ការនាំចេញទៅកាន់ចិន” រៀបចំសកម្មភាពជំរុញការនាំចូលជាច្រើននិងបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ឱ្យផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់របស់បណ្តាប្រទេសកាន់តែច្រើនចូលក្នុងទីផ្សាររបស់ចិន ក្នុងន័យបំពេញតម្រូវការខាងជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ ។

លើសពីនេះទៅទៀត ពាណិជ្ជកម្មបៃតងនិងកាបូនទាបនឹងក្លាយជាចំណុចកំណើនថ្មី ហើយភាគលាភនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (RCEP) ជាដើមនឹងត្រូវបានបញ្ចេញជាបន្តបន្ទាប់ដើម្បីជួយសហគ្រាសឱ្យកាត់បន្ថយថ្លៃដើមនៃពាណិជ្ជកម្ម ។

ក្នុងគ្រាកាន់តែពិបាកកាន់តែត្រូវបោះជំហានឆ្ពោះទៅមុខ ។ ក្នុងឆ្នាំថ្មី ប្រទេសចិននឹងជំរុញការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេ ជំរុញការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មី និងតុល្យភាពនៃវិស័យពាណិជ្ជកម្ម ហើយទីផ្សារដ៏ធំធេងរបស់ប្រទេសចិន នឹងផ្តល់នូវកាលានុវត្តភាពកាន់តែទូលំទូលាយ សម្រាប់ផលិតផលនិងសេវាកម្មរបស់បណ្តាប្រទេសនានា ។ ដោយផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏ខ្លាំងក្លា ពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានជំនឿចិត្តរីកចម្រើនទៅមុខ ក្រោមសម្ពាធនិងចេញដំណើរឆ្ពោះទៅមុខម្តងទៀត ៕

To Top