ចិន ជំរុញឱ្យសហភាពអឺរ៉ុប បញ្ឈប់ការប្រើប្រាស់ ឧបករណ៍ពាណិជ្ជកម្ម ឯកតោភាគី
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការបើកចំហទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ និងបញ្ឈប់ការប្រើប្រាស់ ឧបករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឯកតោភាគី។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់សហភាពអឺរ៉ុប អំពីការស៊ើបអង្កេត លើក្រុមហ៊ុនថាមពលស្អាតរបស់ចិន ដោយលើកឡើងពីការព្រួយបារម្ភថា ក្រុមហ៊ុននេះទទួលបានអត្ថប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋ និងការប្រកួតប្រជែងបង្ខូច ទ្រង់ទ្រាយនៅក្នុងទីផ្សារសហភាពអឺរ៉ុប។
លោកបានកត់សម្គាល់ថា សហភាពអឺរ៉ុប តែងតែងាកទៅរកឧបករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឯកតោភាគី ដោយដាក់វិធានការរើសអើង និងរឹតត្បិតលើសហគ្រាសចិន។
លោកបានបន្ថែមថា សកម្មភាពបែបនេះបញ្ជូនសញ្ញាការពារនិយម ធ្វើឱ្យខូចរូបភាពរបស់សហភាពអឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមហ៊ុនចិន ក្នុងការវិនិយោគនៅអឺរ៉ុប។
លោកបានបន្ដថា «យើងសូមជំរុញឱ្យសហភាពអឺរ៉ុប គោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបើកចំហទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ បញ្ឈប់ការរំលោភបំពានឧបករណ៍គោលនយោបាយពាណិជ្ជកម្មឯកតោភាគី និងផ្តល់បរិយាកាសអាជីវកម្ម ដែលយុត្តិធម៌ មានតម្លាភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុននានានៅជុំវិញពិភពលោក»៕
ប្រែសម្រួល ឈូក បូរ៉ា
