ចិនគាំទ្រគុយបា អំឡុងពេលកំពុងតានតឹងជាមួយអាមេរិក និងថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រតាមសមត្ថភាពដ៏ល្អបំផុតរបស់ខ្លួន
បរទេស៖ ប្រទេសចិនបានសម្តែងការគាំទ្រចំពោះអធិបតេយ្យភាពរបស់ប្រទេសគុយបា បន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់ទុករដ្ឋាភិបាលសង្គមនិយមរបស់កោះនេះថា ជាការគំរាមកំហែងសន្តិសុខ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការគាំទ្រនេះ ធ្វើឡើងពេលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយសមភាគីគុយបារបស់លោក គឺលោក Bruno Rodriguez Parrilla នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា “ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប្រទេសគុយបាក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកដោយមិនសមហេតុផលពីកម្លាំងខាងក្រៅ និងបដិសេធការប៉ុនប៉ងណាមួយដើម្បីដកហូតសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា”។
លោក Lin បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសគុយបា “តាមសមត្ថភាពដ៏ល្អបំផុតរបស់ខ្លួន”។
លោក Parrilla បានសរសេរនៅលើ X ថា ភាគីទាំងពីរ “បានបញ្ជាក់ពីលក្ខណៈពិសេស និងយុទ្ធសាស្ត្រនៃទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រទេសសង្គមនិយមទាំងពីរ”។
សូមជម្រាបថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីភាពអាសន្នជាតិក្នុងទំនាក់ទំនងជាមួយគុយបា ដោយចោទប្រកាន់កោះនេះថាបានចងសម្ព័ន្ធភាពជាមួយ «ប្រទេសដែលមានអរិភាព ក្រុមភេរវករឆ្លងដែន និងជនល្មើសអាក្រក់»។ លោកបាននិយាយថា កិច្ចសហប្រតិបត្តិការយោធា និងទំនាក់ទំនងរបស់ប្រទេសគុយបាជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ ក៏ដូចជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស និងហេសបូឡា «គំរាមកំហែងដោយផ្ទាល់» ដល់សន្តិសុខជាតិអាមេរិក៕
ប្រែប្រួលៈ ណៃ តុលា
