ព័ត៌មានអន្តរជាតិ

លោក ត្រាំ អំពាវនាវឱ្យជំនួសសន្ធិសញ្ញានុយក្លេអ៊ែរអាមេរិក-រុស្ស៊ី​ ជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានអំពាវនាវឱ្យជំនួសសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយ។

លោក ត្រាំ​ បានឧ្យដឹងនៅលើបណ្ដាញ​Truth Social របស់លោកថា “យើងគួរតែមានអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មី ប្រសើរឡើង និងទំនើប ដែលអាចស្ថិតស្ថេរយូរអង្វែងទៅអនាគត”។

លោកបានបដិសេធមិនបន្តសន្ធិសញ្ញា​ ដែលផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ហើយបានរិះគន់វា ដោយថា សន្ធិសញ្ញានេះគឺជា “កិច្ចព្រមព្រៀងដែលត្រូវបានចរចាមិនល្អ​ ដោយសហរដ្ឋអាមេរិក និងកំពុងត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ”។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ការផុតកំណត់នៃសន្ធិសញ្ញា New START គឺជា «ពេលវេលាដ៏អាក្រក់» សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។

សន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ មានគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ​ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយរបស់វា។

សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១១ ជាមួយនឹងរយៈពេលសុពលភាពដំបូង ១០ ឆ្នាំ ហើយក្រោយមកត្រូវបានពង្រីករហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top