ព័ត៌មានអន្តរជាតិ

កម្មវិធីប្រគំតន្ត្រីភាពយន្តចិន-អ៊ីតាលី ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនធ្វើឡើងនៅទីក្រុងរ៉ូម  ប្រទេសអ៊ីតាលី

នៅថ្ងៃទី១២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កម្មវិធីប្រគំតន្ត្រីភាពយន្តចិន-អ៊ីតាលី ក្រោមប្រធានបទ «ការណាត់ជួបភាពរ៉ូមែនទិក៖ ពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជួបជាមួយកីឡាអូឡាំពិករដូវរងា» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅទីក្រុងរ៉ូម រដ្ឋធានីនៃប្រទេសអ៊ីតាលី។

លោក Fontana ប្រធានសភាតំណាងរាស្ត្រអ៊ីតាលីបានផ្ញើសារលិខិតអបអរសាទរចំពោះព្រឹត្តិការណ៍នេះ។
លោក Fontana បានថ្លែងនៅក្នុងលិខិតថា ការប្រកួតកីឡាអូឡាំពិករដូវរងា Milan-Cortina ឆ្នាំ២០២៦ កំពុងដំណើរការយ៉ាងក្តៅគគុក។ ក្នុងបរិបទនេះ កម្មវិធីប្រគំតន្ត្រីលើកនេះបានបកស្រាយស្មារតីអូឡាំពិកតាមទម្រង់សិល្បៈ ត្រួសត្រាយផ្លូវច្នៃប្រឌិតថ្មីសម្រាប់ការផ្សព្វផ្សាយស្មារតីកីឡា និងកសាងវេទិកាដ៏មានតម្លៃសម្រាប់ការជំរុញការយល់ដឹងគ្នា និងការកោតសរសើរគ្នាទៅវិញទៅមករវាងអរិយធម៌ទីទៃគ្នា។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ការប្រកួតកីឡាអូឡាំពិករដូវរងាMilan-Cortina ត្រូវបានប្រារព្ធធ្វើក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីឆ្នាំ២០២៦។

នៅក្នុងពេលដ៏អស្ចារ្យបែបនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើជាម្ចាស់ផ្ទះនៃការប្រគំតន្ត្រីភាពយន្តចិន-អ៊ីតាលីនៅទីក្រុងរ៉ូម ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរយល់ដឹងគ្នាទៅវិញទៅមក និងបង្កើនមិត្តភាពតាមរយៈការផ្លាស់ប្ដូរខាងវប្បធម៌ ក្នុងន័យបំពេញបន្ថែមកម្លាំងចលករថ្មីទៅក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ចិននិងអ៊ីតាលី៕

To Top