ព័ត៌មានអន្តរជាតិ

ប្រទេសបេឡារុស បង្ហាញជំហគាំទ្រជានិច្ចដល់ប្រទេសគុយបា ហើយបដិសេធនូវគ្រប់ទណ្ឌកម្មជាឯកតោភាគី

បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសបេឡារុសកាលពីថ្ងៃចន្ទ បានអះអាងសារជាថ្មីអំពីសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយគុយបា ដោយប្រាប់អគ្គរដ្ឋទូតគុយបាថាទីក្រុង Minsk បដិសេធរាល់ទណ្ឌកម្មឯកតោភាគីទាំងអស់។

រដ្ឋមន្ត្រីការបរទេសបេឡារុសលោក Maxim Ryzhenkov បានជួបជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសបេឡារុស Santiago Perez Benitez ដើម្បីពិភាក្សាអំពីស្ថានភាពជុំវិញប្រទេសគុយបា និងរំលឹកឡើងវិញនូវការគាំទ្រឥតងាករេរបស់បេឡារុសសម្រាប់ប្រជាជនគុយបា។

លោក Ryzhenkov បានរំលឹកឡើងវិញនូវការប្រឆាំងរបស់ទីក្រុង Minsk ចំពោះវិធានការបង្ខិតបង្ខំឯកតោភាគីណាមួយ ហើយបានសង្កត់ធ្ងន់ថា ជម្លោះត្រូវតែដោះស្រាយតាមរយៈការសន្ទនាដោយសន្តិវិធីក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ។

គួរឲ្យដឹងដែរថាភាគីទាំងពីរបានសន្យារក្សាសន្ទុះវិជ្ជមាន ដែលបង្កើតដោយដំណើរទស្សនកិច្ចកម្រិតខ្ពស់កាលពីឆ្នាំមុន ដោយបញ្ជាក់ពីផែនការជំរុញកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ ២០២៥ទៅ លើវិស័យពាណិជ្ជកម្ម សុខាភិបាល និងអប់រំ៕

ប្រែសម្រួល៖ស៊ុនលី

To Top