ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​​ បើកការវាយប្រហារ ដោយដ្រូនទ្រង់ទ្រាយធំ ទៅលើតំបន់ Bryansk របស់រុស្សី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអភិបាលតំបន់ លោក Alexander Bogomaz បានអះអាងកាលពីថ្ងៃចន្ទ អំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏មានឥទ្ធិពល និងទ្រង់ទ្រាយធំបំផុត ត្រូវបានធ្វើឡើងដោយយោធាអ៊ុយក្រែន នៅក្នុងតំបន់ Bryansk របស់ប្រទេសរុស្ស៊ី គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើនកន្លែង។

ការ​វាយ​ប្រហារ​នេះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ១២​ម៉ោង តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ រហូត​ដល់​ម៉ោង​ប្រហែល ៨​យប់។ យ៉ាងណាក្តីកងកម្លាំងរុស្ស៊ីស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកជាង១៧០គ្រឿងក្នុងអំឡុងពេលនោះ។

លោកបាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតដល់បរិក្ខារផ្គត់ផ្គង់ថាមពលជាច្រើន រំខានជាបណ្តោះអាសន្ននូវអគ្គិសនី និងសេវាកំដៅក្នុងក្រុងចំនួន៥នៃតំបន់ និងផ្នែកខ្លះនៃរាជធានីក្នុងតំបន់ ដោយលោកបានកត់សម្គាល់ថាក្រុមសង្គ្រោះបន្ទាន់បានស្តារថាមពល និងកំដៅឡើងវិញបន្ទាប់ពីប្រហែល៣ម៉ោងដោយការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រព័ន្ធបម្រុងទុកសកម្ម។

យោធាអ៊ុយក្រែនក៏បានវាយប្រហារតំបន់ផ្សេងទៀតនៅចន្លោះថ្ងៃទី១៥និង១៦ខែកុម្ភៈ។ នៅក្នុងតំបន់ Belgorod យន្តហោះគ្មានមនុស្សបើកចំនួន៨៨គ្រឿងត្រូវបានរកឃើញក្នុងរយៈពេល២៤ ម៉ោងកន្លងមកដែលក្នុងនោះ៥១ត្រូវបានបាញ់ទម្លាក់។

គួរឲ្យដឹងដែរថាអគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងសាធារណៈមួយចំនួន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានខូចខាត ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួស។ ទន្ទឹមនឹងនេះ តំបន់ Kursk និង Kaluga បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកចំនួន២៥ និង១៤គ្រឿងត្រូវបានទម្លាក់ក្នុងរយៈពេលមួយថ្ងៃកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top