ប៉ាឡេស្ទីន ជំរុញឱ្យមានការដាក់សម្ពាធ ជាអន្តរជាតិ កាន់តែខ្លាំងឡើង ដើម្បីអនុវត្តបទឈប់បាញ់ នៅតំបន់ហ្គាហ្សា
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង អន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងរ៉ាម៉ាឡា នៃតំបន់វេស្តប៊ែង ជាមួយរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen លោក Mustafa បានសង្កត់ធ្ងន់ លើតម្រូវការក្នុងការបង្កើន ការចូលនៃជំនួយមនុស្សធម៌ និងសម្ភារៈ សម្រាប់ជំនួយសង្គ្រោះ ការស្តារឡើងវិញ និង ជម្រកបណ្តោះអាសន្ន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យរបស់លោក។
លោកក៏បានជំរុញ ឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពផងដែរ ដោយកត់សម្គាល់ថា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសបានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥។
ទាក់ទងនឹងស្ថានភាពនៅតំបន់ វេស្តប៊ែង និងទីក្រុងយេរូសាឡឹមខាងកេីតលោក Mustafa បានព្រមានប្រឆាំងនឹងផែនការ បន្តរបស់អ៊ីស្រាអែលសម្រាប់ “ការបញ្ចូល និងការពង្រីកការតាំងទីលំនៅ” ក៏ដូចជាការវាយឆ្មក់ជាបន្តបន្ទាប់ ចំណុចត្រួតពិនិត្យ ការវាយប្រហារអ្នកតាំងទីលំនៅ និងការដកហូតចំណូលពន្ធប៉ាឡេស្ទីន។
លោក Mustafa បានគូសបញ្ជាក់ ពីតម្រូវការក្នុងការជំរុញ ការអនុវត្តសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហាប៉ាឡេស្ទីន ដើម្បីរក្សាឯកភាព នៃទឹកដីប៉ាឡេស្ទីន សម្រេចបានរដ្ឋឯករាជ្យមួយ និងអនុញ្ញាតឱ្យរដ្ឋាភិបាល បំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា និងតំបន់វេស្តប៊ែង រួមទាំងទីក្រុងយេរូសាឡឹម ខាងកើតផងដែរ៕
